តាមរយៈសេចក្ដីជូនដំណឹង លោក ផេ អេងវ៉េង បានបញ្ជាក់ថា តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបមក លោក លោកស្រី ជ្រាបថា ដើម្បីចូលរួមទប់ស្កាត់ ការនាំចូលផ្លែទុរេនស្រស់ប្រើប្រាស់សារធាតុគីមីដែលប៉ះពាល់ដល់សុខភាពប្រជាជន អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា (អគរ) សូមធ្វើការណែនាំបណ្តោះអាសន្នដូចខាងក្រោម៖ ១. ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបញ្ញត្តិអនុក្រឹត្យលេខ ៣៧០ អនក្រ.បក ជាធរមាន ដូចយោងខាងលើ ដោយការនាំចូលផ្លែទុរេនត្រូវអមភ្ជាប់ជាមួយប្រតិវេទន៍គយនូវវិញ្ញាបនបត្រភូតគាមអនាម័យ។ ២. ត្រូវចាត់ចែងការដកសំណាកគម្រូតាមគោលការណ៍ហានិភ័យ ឬតាមរូបភាពចោះៗ ដើម្បីស្នើសុំ កិច្ចសហការពីមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែង បន្លំ (ក.ប.ប.) ធ្វើការវិភាគ។ ក្នុងករណីនេះ ទំនិញនាំចូលអាចត្រូវបានអនុញ្ញាតដឹកជញ្ជូនទៅគម្យដ្ឋាន ក្នុងប្រទេសបន្ទាប់ពីបានបំពេញបែបបទបញ្ចេញទំនិញពីគយរួច ដោយអ្នកនាំចូលត្រូវបញ្ជាក់ជូនមន្ត្រី គយមានសមត្ថកិច្ចឱ្យបានច្បាស់លាស់នូវទីតាំងគម្យដ្ឋាននៃការដឹកជញ្ជូន ចែកចាយក្នុងប្រទេស។ ៣. ក្នុងករណីលទ្ធផលនៃការវិភាគបង្ហាញថា “ផលិតផលមានសារធាតុប៉ះពាល់ដល់សុខភាព” ឬ “ខូចគុណភាព” ត្រូវចាត់ចែងប្រមូលឬឃាត់ទុកទំនិញទាំងនោះ និងធ្វើរបាយការណ៍ស្នើសុំការ ចាត់វិធានការបន្តពី អគរ។ ៤. ត្រូវចាត់វិធានការតាមដានទប់ស្កាត់ការលួចប៉ុនប៉ងនាំចូលដោយខុសច្បាប់ផ្លែទុរេនស្រស់តាមច្រក របៀងក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានម៉ឺងម៉ាត់។
អាស្រ័យហេតុនេះ សូមលោក លោកស្រី ចាត់ចែងអនុវត្តតាមខ្លឹមសារនៃលិខិតនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ រហូតដល់មានការណែនាំជាថ្មី ៕