សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់កុំយកអាជីពអ្នកកាសែតទៅចុះផ្សាយនិយាយអាក្រក់ពីអ្នកដទៃ ដើម្បីតែផលប្រយោជន៍ខ្លួនឯងឲ្យសោះ ដោយត្រូវប្រកាន់ខ្ជាប់នូវសុក្រិតភាព និងក្រមសីលធម៌របស់អ្នកសារព័ត៌មាន ដើម្បីលើកកម្ពស់តម្លៃរបស់សារព័ត៌មាន ។
ការថ្លែងណែនាំរបស់សម្តេចធិបតី ខាងលើនេះធ្វើឡើងក្នុងពិធីជួបជុំរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នាល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ ។ ក្នុងឱកាសនោះ សម្តេចធិបតី បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយ ដោយសុក្រឹតភាព នាំឱ្យអ្នកសារព័ត៌មាន ទទួលបានទំនុកចិត្តពីមហាជន ហើយធ្វើឱ្យអ្នកសារព័ត៌មានទទួលបានតម្លៃផងដែរ ។
ថ្លែងក្នុងឱកាសនេះ សម្តេចធិបតី មានប្រសាសន៍ថា "សុក្រឹតភាព កើតឡើងអំពីអ្វី? ទី១ គឺកុំប្រើប្រាស់អាជីព ជាអ្នកសារព័ត៌មាន ទៅផ្សព្វផ្សាយព័ត៌មានអ្វីដែលយើងដឹងថា មិនពិត ដើម្បីគោលដៅអាក្រក់ លើអ្នកដទៃ ឬចង់ចំណេញខាងអ្វីមួយនោះ គឺសុំប្រកាន់សុចរិតភាព ភាពទៀងត្រង់របស់យើងទើបមានតម្លៃ" ។
បន្ថែមលើនេះ សម្តេចធិបតី ណែនាំកុំប្រើអាជីពជាអ្នកកាសែត ដើម្បីទៅទាញយកផលប្រយោជន៍មិនត្រឹមត្រូវ ជាក់ស្តែងកាលពីពេលកន្លងទៅក្រសួងព័ត៌មាន បានដកអាជ្ញាបណ្ណ ពីអ្នកសារព័ត៌មានមួយចំនួន ក្រោយពីស្រាវជ្រាវ រកឃើញថា បានប្រព្រឹត្តប្រាសចាកវិជ្ជាជីវៈ ជំរិតទារលុយពីអ្នកដទៃ ថ្នូនឹងការជួយបិទបាំងព័ត៌មាន ដែលបានធ្វើឱ្យប៉ះពាល់ ដល់អ្នកសារព័ត៌មានដទៃទៀតរាប់ពាន់នាក់ និងធ្វើឱ្យអ្នកសារព័ត៌មាន បាត់បង់ទំនុកចិត្ត ហេតុនេះទាមទារឱ្យអ្នកសារព័ត៌មានមានត្រូវមានសុចរិតភាព៕