ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
បញ្ជូនជនសង្ស័យម្នាក់ករណីលួចម៉ូតូ ទៅតុលាការ
ថ្ងៃទី ៖ 04-03-2025, ដោយ​​ Dara007 , 92 Views
                     
បន្ទាយមានជ័យៈ បញ្ជូនជនសង្ស័យម្នាក់ករណីលួចម៉ូតូ ទៅតុលាការ ដើម្បីអនុវត្ដតាមនីតិវិធីច្បាប់។

នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឡាង រដ្ឋា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្តីពីករណីបាត់ម៉ូតូម៉ាកហុងស្តុបពី ពណ៌ស ផលិតឆ្នាំ២០១១ ពាក់ផ្លាកលេខភ្នំពេញ1BD-2070 កាលពីវេលាម៉ោង១០ និង១០នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ នៅចំណុចមុខកាស៊ីណូហ្គោដវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះខាងលើ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅដល់ទីតាំងកើតហេតុ បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង១៤ និង០០នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ នៅចំណុចផ្ទះសំណាក់៩៩ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ងិះ ហ៊ីង ភេទប្រុស អាយុ៣១ឆ្នាំ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សួរនាំតាមនីតីវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ប៉ុន្តែវត្ថុតាងម៉ូតូត្រូវបានបក្ខពួករបស់ខ្លួនម្នាក់ទៀត ឈ្មោះ ប្រុស(ពុំស្គាល់ត្រកូល) ភេទប្រុស អាយុប្រហែល៣៨ឆ្នាំ យកទៅដាក់បញ្ចាំ ហើយខ្លួនក៏មិនដឹងបញ្ចាំនៅកន្លែងណាដែរ ហើយបានគេចខ្លួនបាត់។

ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែមីនា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com