អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហាញសេចក្ដីប្រកាសព័ត៌មានថា អង្គប្រជុំបានសម្រេចយល់ព្រមលើសេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ពាក់ព័ន្ធនឹងករណីចៅក្រមចំនួន ១៤ករណី និងករណីព្រះរាជអាជ្ញា ចំនួន ៩ករណី ដែលក្នុងនោះដាក់វិន័យក្រោមរូបភាព ស្តីបន្ទោសដោយផ្ទាល់មាត់ចំនួន ៤ករណី, ស្តីបន្ទោសដោយចុះក្នុងសំណុំលិខិតផ្ទាល់ខ្លួនចំនួន ១១ករណី, ផ្អាកមិនឱ្យចុះឈ្មោះក្នុងតារាងដំឡើងថ្នាក់ ឬ ឋានន្តរស័ក្តិ មួយរយៈ តែមិនត្រូវឱ្យលើសពី ២ឆ្នាំទេ ឬលុបឈ្មោះចេញពីតារាងដំឡើងថ្នាក់ ឬឋានន្តរស័ក្តិវិញ ក្នុងករណីដែលបានចុះឈ្មោះរួចហើយចំនួន ៣ករណី, ផ្លាស់ដោយបង្ខំ ១ករណី, ផ្លាស់ដោយបង្ខំ តម្រូវឱ្យទទួល ការបណ្តុះបណ្តាលបន្ថែមចំនួន ២ករណី, ផ្លាស់ដោយបង្ខំនិងទម្លាក់ឋានៈ ១ករណី និងព្យួរពីការងារមិនឱ្យ មានបៀវត្សក្នុងរយៈពេល ៦ខែ ១ករណី។
ជាមួយគ្នានេះ, ក្នុងចន្លោះសម័យប្រជុំលើកទី៣៧ និងលើកទី៣៨, ឧត្តមក្រុមប្រឹក្សានៃអង្គ ចៅក្រម ក៏បានពិនិត្យ និងសម្រេច លើវិន័យការងារចំពោះករណីព្រះរាជអាជ្ញារង ១នាក់ ដោយសម្រេចដាក់វិន័យ ក្រោមរូបភាព បណ្តេញចេញពីក្របខណ្ឌព្រះរាជអាជ្ញា ផងដែរ។
សេចក្ដីប្រកាសព័ត៌មានរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានបញ្ជាក់ទៀតថា អង្គប្រជុំបាន សម្រេចយល់ព្រមលើការស្នើផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ប្រធាន អនុប្រធាន និងចៅក្រម នៃសាលា ជម្រះក្តីមួយចំនួន ដែលដល់វេនត្រូវធ្វើការផ្លាស់ប្តូរ និងដោយយោងទៅតាមតម្រូវការជាក់ស្តែង ក្នុងនោះរួមមាន ថ្នាក់តុលាការកំពូលចំនួន ៥នាក់, ថ្នាក់សាលាឧទ្ធរណ៍ចំនួន ១២នាក់ និងថ្នាក់សាលាដំបូងរាជធានី-ខេត្ត ចំនួន ៥៦នាក់។ ក្រៅពីនោះគឺមានពិគ្រោះយោបល់ លើសំណើផ្ទេរ និងតែងតាំង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង មួយចំនួន តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ អង្គប្រជុំបានផ្តល់យោបល់យល់ព្រមលើសំណើផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង នៅថ្នាក់មហាអយ្យការអមតុលាការកំពូល ១នាក់, ថ្នាក់មហាអយ្យការអមសាលាឧទ្ធរណ៍ចំនួន ២នាក់ និងនៅថ្នាក់អយ្យការអមសាលាដំបូងរាជធានី-ខេត្តចំនួន ២១នាក់។
បន្ថែមពីនោះ ក៍បានសម្រេច អំពីការកែសម្រួល និងតែងតាំង សមាសភាពនៃក្រុមអធិការកិច្ចនៃ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម៖ អង្គប្រជុំបានសម្រេចយល់ព្រមធ្វើការកែសម្រួល និងតែងតាំងសមាសភាព ក្រុមអធិការកិច្ចនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលមានសមាសភាពសរុបចំនួន ២០នាក់។ ស្នើដំឡើងថ្នាក់ ឋានន្តរស័ក្តិ តាមវេនអតីតភាព តាមកម្រិតសញ្ញាបត្រ ចំពោះចៅក្រម និងព្រះរាជអាជ្ញា៖ សម្រាប់សម័យប្រជុំលើកទី៣៨ នេះ អង្គប្រជុំបាន ផ្តល់យោបល់យល់ព្រម ចំពោះសំណើសុំដំឡើងថ្នាក់ ឋានន្តរស័ក្តិតាមវេនអតីតភាព តាមកម្រិតសញ្ញាបត្រ ចំពោះចៅក្រម និងព្រះរាជអាជ្ញា សរុបទាំងអស់មានចំនួន ៣៧៨នាក់ ក្នុងនោះចំនួន ៣១២នាក់ ត្រូវស្នើតាម វេនអតីតភាព និងចំនួន ៦៦នាក់ ត្រូវស្នើតាមកម្រិតសញ្ញាបត្រ។ ពិនិត្យ និងសម្រេច អំពីសំណើសុំតាំងស៊ប់ក្នុងក្របខណ្ឌចៅក្រម ចំពោះចៅក្រម កម្មសិក្សាចំនួន ៣៥នាក់៖ សម្រាប់សម័យប្រជុំលើកនេះ អង្គប្រជុំបានអនុម័តយល់ព្រមតាំងស៊ប់ក្នុងក្របខណ្ឌ ចៅក្រម ចំពោះចៅក្រមកម្មសិក្សា ចំនួន ៣៥នាក់ និងចាត់ឱ្យទៅបំពេញការងារនៅសាលាដំបូងខេត្ត។
លើសពីនេះក៍មានសំណើសុំតាំងស៊ប់ក្នុងក្របខណ្ឌព្រះរាជអាជ្ញា ចំពោះព្រះរាជ អាជ្ញារងកម្មសិក្សា ចំនួន ២០នាក់ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ អង្គប្រជុំបានផ្តល់យោបល់យល់ព្រម លើសំណើសុំតាំងស៊ប់ក្នុងក្របខណ្ឌព្រះរាជអាជ្ញា ចំពោះព្រះរាជអាជ្ញារងកម្មសិក្សា ចំនួន ២០នាក់ និងចាត់ឱ្យ ញការងារនៅអយ្យការអមសាលាដំបូងខេត្ត តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ សំណើសុំចូលបម្រើការងារវិញ របស់លោកជំទាវ ខៀវ សុខា អតីតអនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ៖ សម្រាប់សម័យប្រជុំលើកនេះ អង្គប្រជុំបានអនុម័តយល់ព្រមអនុញ្ញាត ឱ្យលោកជំទាវ ខៀវ សុខា អតីតអនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ចូលបម្រើការងារជាចៅក្រមនៅអង្គភាពវិញ និងតែងតាំងជាអនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ។ សំណើសុំដាក់ឱ្យនៅទំនេរគ្មានបៀវត្សរយៈពេល ២ឆ្នាំ របស់ ព្រះរាជអាជ្ញារង ចំនួន ២នាក់៖ សម្រាប់សម័យប្រជុំលើកនេះ អង្គប្រជុំបានផ្តល់យោបល់យល់ព្រមលើសំណើ សុំរបស់ព្រះរាជអាជ្ញារងទាំង ២នាក់ ដូចតទៅ៖ ទី១- អនុញ្ញាតឱ្យលោកស្រី ឆេង ហាក់ដឹង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង ខេត្តសៀមរាប ឈប់សម្រាកដោយគ្មានបៀវត្សរយៈពេល ២ឆ្នាំ គិតចាប់ពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ដល់ថ្ងៃ ទី៧ ខែមីនា ឆ្នាំ២០២៦។ ទី២-អនុញ្ញាតឱ្យលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត កំពង់ឆ្នាំង ឈប់សម្រាកដោយគ្មានបៀវត្សរយៈពេល ២ឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៧ ៕