លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃមានប្រសាសន៍ថា ក្រុមកម្ចីអនឡាញខុសច្បាប់នោះ ភាគច្រើនជាជនជាតិចិន ខណៈដែលកន្លងទៅមានប្រជាពលរដ្ឋធ្លាប់ផុងខ្លួន ទៅខ្ចីលុយអនឡាញខុសច្បាប់ពីក្រុមដែលគ្មានអាជ្ញាប័ណ្ណ ហើយនៅពេលមិនសងប្រាក់ត្រឡប់ទៅវិញ ក្រុមនោះតែងគំរាមកំហែង បង្ហោះរូបភាពអ្នកខ្ចីនោះជាដើម។
លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្ដឹងមកសមត្ថកិច្ចជំនាញ ដើម្បីស្រាវជ្រាវចាត់វិធានការច្បាប់ ក្នុងករណីប្រជាពលរដ្ឋរងនូវការគំរាមកំហែងជាមួយពីក្រុមកម្ចីអនឡាញខុសច្បាប់នេះ។
ក្នុងន័យនេះ លោកក៏បានណែនាំដល់សមត្ថកិច្ចជំនាញ បន្ដស្រាវជ្រាវចាត់វិធានការក្រុមដែលបង្កើតកម្ចីអនឡាញខុសច្បាប់ទាំងអស់នេះ ដែលតែងតែផ្ញើសារមកញុះញង់ អូសទាញឱ្យបង្កើតគណនីលេងល្បែង ផងដែរ៕