គោលបំណងសំខាន់នៃពិធីបុណ្យនេះ មានទិសដៅតែម្យ៉ាងគត់ គឺដើម្បីរំឭកដឹងគុណម្ចាស់ទឹកម្ចាស់ដី ដែលបានបន្សល់ទុកនូវមត៌កដ៏ត្រកាលនេះឱ្យកូនចៅ ជំនាន់ក្រោយប្រកបរបរចិញ្ចឹមជីវិត។
តាមពិតទៅខ្មែរ យើងគោរពធម្មជាតិពីរ គឺទឹកនិងដី ព្រោះទឹក និងដី មានសារប្រយោជន៍ដល់ការប្រកបរបរកសិកម្ម ជាពិសេស គឺការផ្តល់នូវភោគផលស្រូវអង្ករដែលបានចិញ្ចឹមជីវិតឱ្យរស់នៅ និងជាដង្ហើមសេដ្ឋកិច្ចរបស់ជាតិសាសន៍ខ្មែរផងដែរ។ ម្យ៉ាងវិញទៀត គឺដើម្បីសុំខមាទោសនូវអំពើឆ្គាំឆ្គងទាំងឡាយដែលគេបានប្រព្រឹត្តប៉ះពាល់ក្នុងរដូវបង្កបង្កើនផលដូចជាការបន្ទោរបង់ ឬដើរជាន់នៅលើទីវាលស្រែជាដើម ព្រោះព្រះធរណីជាប្រភពធ្វើឱ្យស្រូវដុះលូតលាស់។