ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ថ្នាំជក់មិនមែនជាអាហារ
ថ្ងៃទី ៖ 05-02-2025, ដោយ​​ Dara007 , 65 Views
                     
ភ្នំពេញៈ យោងតាមអង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ការដាំដុះថ្នាំជក់គ្មានសារប្រយោជន៍ និងមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះអ្នកជុំវិញ។ ដំណាំថ្នាំជក់នេះ មិនមែនជាដំណាំអាហារទេ។ ការដាំដុះថ្នាំជក់ បង្កជាអសន្តិសុខស្បៀងដោយសារ វាមិនបានផ្ដល់ផលចំណេញដល់កសិករដាំថ្នាំជក់ខ្នាតតូចទេ។ ការស្រាវជ្រាវបានបង្ហាញថា កសិករដំាំថ្នាំជក់ខ្នាតតូច នៅតែក្រីក្រដោយសារតែស្លឹកថ្នាំជក់មានតំលៃថោកនិង ផ្តាច់មុខដោយក្រុមហ៊ុនធំៗ។ ពួកគេក៏បាត់បង់ឱកាសសេដ្ឋកិច្ចផ្សេងទៀត ហើយកសិករជាច្រើនបានជាប់អន្ទាក់ជាមួយកិច្ចសន្យាមិនស្មើភាពជាមួយក្រុមហ៊ុនថ្នាំជក់ និងត្រូវខាត ពេលដែលទូទាត់នឹងការចំណាយលើកម្លាំងពលកម្មរួច។

ទៀតសោត ការដាំដុះថ្នាំជក់ក៏ធ្វើឱ្យខ្សោះជីជាតិដីផងដែរ។ លើសពីនេះ ការទន្រ្ទានដីនិងការកាប់ព្រៃឈើសម្រាប់ដាំថ្នាំជក់និងសម្ងួតស្លឹកថ្នាំជក់គឺធ្វើឱ្យបាត់បង់ផ្ទៃដីព្រៃឈើពិភពលោករហូតដល់៥%។ បន្ថែមពីនេះទៀត ការបំពុលដោយសារជាតិគីមីកសិកម្ម និងការកាប់ព្រៃឈើដោយសារការដាំដុះថ្នាំជក់ បានរួមចំណែកធ្វើឱ្យមានអសន្តិសុខស្បៀងផងដែរ។ ដោយហេតុថា ការដាំដុះថ្នាំជក់គឺបំផ្លាញដីនិងប្រព័ន្ធអេកូឡូស៊ី ដែលធ្លាប់បានប្រើប្រាស់សម្រាប់ការដាំដំណាំអាហារ។

បើនិយាយពីអ្នកប្រើប្រាស់ថ្នាំជក់វិញ គេសង្កេតឃើញថា អ្នកជក់បារីបានចំណាយប្រាក់ចំណូលមួយភាគធំរបស់ខ្លួនទៅលើផលិតផលថ្នាំជក់ ដែលវាមិនត្រឹមតែជាបន្ទុកហិរញ្ញវត្ថុរបស់អ្នកជក់បារីប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានកាត់បន្ថយលទ្ធភាពបែងចែកប្រាក់ចំណូលរបស់ខ្លួនទៅលើតម្រូវការចាំបាច់ដូចជាអាហារ ការអប់រំ និងការថែទាំសុខភាពដែរ។ សម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប ការយកប្រាក់ចំណូលសម្រាប់ទិញអាហារទៅទិញថ្នាំជក់ នឹងធ្វើឱ្យមានអសន្តិសុខស្បៀងកាន់តែខ្លាំង និងនាំទៅរកកង្វះខាតអាហារសម្រាប់កុមារនិងមនុស្សពេញវ័យ ព្រមទាំងកង្វះអាហារូបត្ថម្ភដែលប៉ះពាល់ជាអវិជ្ជមានដល់ការលូតលាស់រាងកាយ ចិត្តគំនិត និងការរៀនសូត្រផងដែរ។

ក្នុងរយៈពេលវែង ការប្រើប្រាស់ថ្នាំជក់ជះឥទ្ធពលយ៉ាងធ្ងន់ធ្ងរទៅលើភាពក្រីក្រ ខណៈដែលជំងឺធ្ងន់ធ្ងរនឹងនាំទៅរកការចំណាយព្យាបាលយ៉ាងច្រើន។ លើសពីនេះ វាធ្វើឱ្យពួកគេបាត់បង់ចំណូលដោយសារពិការភាព និងស្លាប់មុនអាយុកំណត់ដោយសារជំងឺដែលបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់។

សរុបមក យើងមិនគួរលើកទឹកចិត្តឱ្យមានការដាំដុះដំណាំថ្នាំជក់ទេ ព្រោះថាដំណាំថ្នាំជក់នេះ ផ្ដល់ផលប៉ះពាល់តាំងពីការចាប់ផ្ដើមដាំដុះដំបូងរហូតដល់អ្នកប្រើប្រាស់ចុងក្រោយ។

គួរបញ្ជាក់ផងដែរថា អង្គការសុខភាពពិភពលោក បានផ្ដល់អនុសាសន៍ឱ្យកម្ពុជាយើងដំឡើងពន្ធថ្នាំជក់ឱ្យបានយ៉ាងហោចណាស់៧០%នៃតម្លៃលក់រាយ  ហើយការដំឡើងពន្ធថ្នាំជក់នេះទៀតសោត នឹងអាចបង្កើននូវចំណូលពន្ធរដ្ឋបន្ថែមផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com