ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជា ម៉ាឡេស៊ី ប្តេជ្ញាចិត្តពង្រឹងកិច្ចព្រមព្រៀងអាស៊ានបៃតង និងកិច្ចសហប្រតិបត្តិការបរិស្ថាន
ថ្ងៃទី ៖ 04-02-2025, ដោយ​​ Dara007 , 52 Views
                     
ភ្នំពេញៈ នៅក្នុងកិច្ចជំនួបការទូតថ្មីៗនេះរវាង លោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីដែលទើបបានទទួលការតែងតាំង និងលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា ប្រទេសទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាចំពោះនិរន្តរភាពបរិស្ថាន ដោយផ្តោតជាពិសេសលើកិច្ចព្រមព្រៀងអាស៊ានបៃតង និងបច្ចេកវិទ្យាបណ្តុះកូនឈើ។

ក្នុងកិច្ចពិភាក្សា លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមបរិស្ថានពិសេសរបស់កម្ពុជាទៅលើភាពស្អាត ភាពបៃតង និងចីរភាព រួមទាំងកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សចំនួនសត្វផ្សោតទឹកសាប និងបំណងស្នើសុំដាក់ដែនជម្រកសត្វផ្សោតជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

លោកឯកអគ្គរដ្ឋទូតម៉ាឡេស៊ី បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះគោលនយោបាយបរិស្ថានរបស់កម្ពុជា និងបានបញ្ជាក់ជាថ្មីនូវឆន្ទៈរបស់ម៉ាឡេស៊ីក្នុងការសហការបន្ថែមទៀត។ កិច្ចសន្ទនាក៏បានផ្តោតជាពិសេសលើ កិច្ចព្រមព្រៀងអាស៊ានបៃតង - ASEAN Green Deal ដែលផ្តួចផ្តើមដោយកម្ពុជាក្នុងឆ្នាំ២០២២។

ភាគីទាំងពីរបានទទួលស្គាល់សារៈសំខាន់នៃការពង្រីកគំនិតផ្តួចផ្តើមទាំងនេះ និងបានបង្ហាញពីក្តីប្រាថ្នាស្វែងរកឱកាសកិច្ចសហប្រតិបត្តិការ។

លោករដ្ឋមន្ត្រី បានស្នើឱ្យផ្តោតលើការដាំព្រៃឡើងវិញ និងការអភិវឌ្ឍប្រភេទដើមឈើដែលមានភាពធន់តាមរយៈបច្ចេកវិទ្យាទំនើបក្នុងការថែទាំ និងបណ្តុះកូនឈើប្រើប្រាស់ជាលិកា (Tissue Culture Technologies) ។ លោករដ្ឋមន្ត្រីបានថ្លែងថា "គោលដៅរបស់យើងគឺធ្វើឱ្យកម្ពុជាកាន់តែមានភាពបៃតង តាមរយៈការដាំស្តារព្រៃឡើងវិញនៅតំបន់ដែលរងផលប៉ះពាល់ដោយការកាប់ឈើខុសច្បាប់ និងភ្លើងឆេះព្រៃ"។ "តាមរយៈការសហការជាមួយម៉ាឡេស៊ី យើងមានគោលបំណងប្រើប្រាស់បទពិសោធន៍ និងជំនាញរបស់ពួកគាត់ក្នុងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍លើការដាំដើមឈើ ដោយផ្តោតលើប្រភេទដែលធន់នឹងការប្រែប្រួលអាកាសធាតុ"។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតម៉ាឡេស៊ី បានគាំទ្រសំណើនេះ ដោយគូសបញ្ជាក់ពីការចូលរួមរបស់ក្រុមហ៊ុនវិនិយោគម៉ាឡេស៊ីនៅកម្ពុជា តាមរយៈកម្មវិធីទំនួលខុសត្រូវសង្គមសាជីវកម្ម (Corporate Social Responsibility:CSR) លើសកម្មភាពដាំដើមឈើ និងសកម្មភាពសម្អាតទន្លេជាដើម។

កំឡុងពេលដែលម៉ាឡេស៊ីកាន់តំណែងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៥ ប្រទេសទាំងពីរចាត់ទុកកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនេះជាឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ដែលផ្តោតលើវិស័យបរិស្ថាន។

លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់ម៉ាឡេស៊ីក្នុងការចែករំលែកជំនាញ និងធនធានដើម្បីគាំទ្រគោលដៅបរិស្ថានរបស់កម្ពុជា។ កិច្ចជំនួបនេះគឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី ដោយសង្កត់ធ្ងន់លើតម្លៃបរិស្ថានរួមគ្នា និងសកម្មភាពរួមគ្នានៅក្នុងសហគមន៍អាស៊ាន៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com