លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំកម្ពុជាអត់ដែលបោះបង់ចោលប្រជាពលរដ្ឋខ្លួនណាម្នាក់នោះទេ គឺតែងតែយកចិត្តទុកដាក់ ជាក់ស្តែងគឺបានត្រៀមស្វាគមន៍ពួកគេជានិច្ច ប្រសិនបើអាមេរិកគ្រោងបញ្ជូនពួកគេមកវិញនាពេលខាងមុខនេះ ។
លោកបានបញ្ជាក់ថា ករណីនាពេលកន្លងមក រាល់ពេលភាគីអាមេរិកចាប់បញ្ជូនពលរដ្ឋខ្មែរត្រឡប់មកវិញ គឺភាគីខ្មែរតែងតែសហការជាមួយអាមេរិកក្នុងការបំពេញបែបបទនានាដើម្បីទទួលពួកគេមកប្រទេសកំណើតវិញ ដោយមិនដែលបដិសេធចោលម្តងណាឡើយ។
សូមបញ្ជាក់ថា ក្រោយពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីថ្មីរបស់អាមេរិកជាលើកទី២ កាលពីពេលថ្មីនេះ បានប្រកាសពីការបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ដែលរស់នៅអាមេរិកឲ្យមកប្រទេសកំណើតវិញ ។ បើតាមក្រសួងអន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិកបង្ហាញថា ប្រទេសជាសមាជិកអាស៊ានទាំង១០មានជាង២ម៉ឺននាក់នឹងបញ្ជូនចេញមកវិញដែលកម្ពុជា មានជិត២០០០នាក់ ៕