សំឡេងផ្ទះនេះអាជា្ញធរអះអាងថា ផ្ដើមចេញពីទីតាំងស្តុកប្រេង របស់ឧកញ៉ា ឡុង ហួ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ។ ទោះជាយ៉ាងនេះក្ដី ក្រោយដោះស្រាយចប់ ថាតើអាជា្ញធរចាត់ការបែបណា ចុះបើមានលើកក្រោយ តើវាសនាអ្នកភូមិនៅតំបន់នោះទៅជាយ៉ាងណា ?
បើតាមសមត្ថកិច្ច ស្នូរសំឡេងផ្ទុះនេះបណ្តាលមកពីធ្លាក់ម៉ូទ័រដុំដែកស្ទូច ចេញពីទីតាំងស្តុកប្រេង របស់ឧកញ៉ា ឡុង ហួ ដែលផ្លោងខ្ទាតបំណែកនោះ ទៅលើដំបូលផ្ទះជួលពលរដ្ឋបណ្ដាលឱ្យធ្លុះធ្លាយដំបូលផ្ទះ ។
សមត្ថកិច្ចថា ម្ចាស់ផ្ទះជួលមានឈ្មោះ មាស ស្រីណាត ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅកន្លែងកើតហេតុ ចំណែកម្ចាស់បន្ទប់ស្នាក់នៅ មានឈ្មោះ ញ៉ែម ស្រីម៉ាច ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ កម្មកររោងចក្រ ។ រីឯម្ចាស់ម្ចាស់ស្ថានីហ្គាស ស្តុកប្រេង មានឈ្មោះ លោកឧញ៉ា ឡុង ហួ មានទីលំនៅភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
បើតាមបញ្ជាក់ពីសមត្ថកិច្ច រាល់ការខូចខាត ក្នុងហេតុការណ៍ខាងលើ ត្រូវបានម្ចាស់ស្ថានីយ៍ប្រេង ហ្គាស ទទួលខុសត្រូវទៅលើសំណងនៃការខូចខាត ហើយហេតុការណ៍ខាងលើ ជាការផ្ទុះម៉ូទ័រដងស្ទូច ធ្វើឱ្យផ្លោងប្ទះដែក ហោះទៅធ្លាក់លើដំបូលផ្ទះ លើផ្លូវ ។
អភិបាលខណ្ឌពោធិ៍សែនជ័យ លោក សក់ ច័ន្ទកញ្ញារិទ្ធ នៅព្រឹកថ្ងៃសៅរ៍ ទី១កុម្ភៈនេះ បានបញ្ជាក់ប្រាប់សារព័ត៌មាន Cam Post យ៉ាងខ្លីថា «ហ្នឹង យើងកំពុងតែរកទីតាំងមិនទាន់ឃើញ..អាទីតាំងធ្លាក់មកហ្នឹង…….អាហ្នឹងទាល់តែយើងស៊ើបមើលមូលហេតុសិន ជាមូលហេតុស្អី ពេលរកឃើញហើយ យើងឱ្យគាត់សងសំណងដែលខូចខាតផ្ទះប្រជាពលរដ្ឋ» ។
មហាជនឆ្ងល់ថា ហេតុអី អភិបាលខណ្ឌពោធិ៍សែនជ័យ លោក សក់ ច័ន្ទកញ្ញារិទ្ធ រកទីតាំងផ្លោងខ្ទាតបំណែកដែកទម្លុះដំបូលផ្ទះពលរដ្ឋ មិនទាន់ឃើញ ខណៈប៉ូលិសអះអាងថា ស្នូរសំឡេងផ្ទុះនេះបណ្តាលមកពីធ្លាក់ម៉ូទ័រដុំដែកស្ទូច ចេញពីទីតាំងស្តុកប្រេង របស់ឧកញ៉ា ឡុង ហួ ដែលផ្លោងខ្ទាតបំណែកនោះ ទៅលើដំបូលផ្ទះជួលពលរដ្ឋបណ្ដាលឱ្យធ្លុះធ្លាយដំបូលផ្ទះ ៕