តាមរយៈសេចក្តីថ្លែងការណ៍ពិសេស ស្តីពីកម្មវិធី “ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព យប់ថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា ចាប់ពីខែកុម្ភះ ឆ្នាំ២០២៥តទៅ ប្រជាពលរដ្ឋក្រីក្រដែលគ្មានដីពិតប្រាកដ អាចដាក់ពាក្យស្នើសុំដីបាន តាមរយៈសេចក្តីថ្លែងការណ៍ពិសេសនេះ សម្តេចមហាបវរធិបតី បានបញ្ជាក់ថា ការដាក់ចេញកម្មវិធីនេះ មានគោលបំណង៣ ដែលអាទិភាពធំទីមួយគឺការដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រ ដែលគ្មានដីពិតប្រាកដ ហើយបន្ថែមលើនេះ កម្មវិធីនឹងចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារ និងអភិរក្សព្រៃឈើផងដែរ។
សម្តេចនាយករដ្ឋមន្រ្តី បានរំលឹកអំពីសាវតានៃការដោះស្រាយផ្តល់ដីជូនប្រជាពលរដ្ឋ ក្រោយកម្ពុជាបញ្ចប់សង្គ្រាមស៊ីវិល ដែលក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាលកម្ពុជា របស់គណបក្សប្រជាជន គឺរាជរដ្ឋាភិបាល បានបែងចែកដីកសិកម្មលើកដំបូងជូនប្រជាពលរដ្ឋ នៅឆ្នាំ១៩៨៥ និងទទួលស្គាល់លើដីកម្មសិទ្ធិឯកជននៅឆ្នាំ១៩៨៩។
សម្តេចធិបតីបានបញ្ជាក់ថា តាមរយៈកម្មវិធីនេះ ប្រជាពលរដ្ឋខ្មែរ ដែលខ្វះដីពិតប្រាកដ នឹងត្រូវបានរដ្ឋផ្តល់ដីជូន ជាមួយនឹងការរៀបចំជាភូមិកជូន ហើយប្រជាពលរដ្ឋខ្មែរ ដែលនឹងទៅរស់នៅទីនោះ អាចនឹងចងជាសហគមន៍ ដើម្បីជួយការពារដី និងព្រៃនៅជុំវិញសហគមន៍ ដែលខ្លួនរស់នៅ។
ក្នុងន័យនេះ សម្ដេចធិបតីអះអាងថា នេះជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរ គឺទី១.ការផ្តល់ដីជូនប្រជាពលរដ្ឋខ្មែរ ដែលខ្វះដីពិតប្រាកដ និងទី២ ប្រជាពលរដ្ឋខ្មែរ នឹងមានលទ្ធភាពចូលរួម នៅក្នុងការពារដី និងព្រៃ នៅជុំវិញសហគមន៍ ដែលខ្លួនរស់នៅ»។
ជាមួយគ្នានេះ សម្តេចបវរធិបតីបន្ថែមថា ដើម្បីអនុវត្តកម្មវិធីនេះឱ្យជោគជ័យ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការ «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ដែលហៅកាត់ថា ផ.ក.អ។ លេខាធិការដ្ឋាន ផ.ក.អ នឹងចាប់ផ្តើមជូនដំណឹងជាបន្តបន្ទាប់ ហើយនឹងអាចចាប់ផ្តើមទទួលពាក្យប្រជាពលរដ្ឋ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥ តទៅ៕