ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីប្រព្រឹត្តទៅនៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ នៅវិមាន៧មករា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អះអាងថា ក្នុងរយៈពេលតែ១ឆ្នាំ៧ខែប៉ុណ្ណោះ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកសាង និងអភិវឌ្ឍប្រទេសឱ្យកាន់តែមានការរីកចម្រើន គួរឱ្យកត់សម្គាល់ ខណៈចំណូលរបស់ប្រជាពលរដ្ឋបានកើនឡើងដែលសបញ្ជាក់អំពីការរីកចម្រើនខាងសេដ្ឋកិច្ច។
ជាមួយគ្នានេះ លោក សុខ ឥសានបានបន្ដថា អង្គសន្និបាតនៃគណបក្សប្រជាជនកម្ពុជា បានកត់សម្គាល់ប្រកបដោយមោទនភាពចំពោះសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលបានឆ្លុះបញ្ចាំងនូវភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍ អន្តរជាតិ និងកត្តាអវិជ្ជមានជាច្រើនទៀត។ ជាក់ស្តែង ក្នុងឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជាងើបឡើងក្នុងអត្រាកំណើន ៦,០ភាគរយ, អតិផរណាមានអត្រាទាប ០,៨ភាគរយ, អត្រាប្តូរប្រាក់រៀលមានស្ថិរភាពស្ថិតក្នុងរង្វង់ ៤ ០៧១រៀល ឯទុនបម្រុង អន្តរជាតិបានកើនឡើងដល់ ២២ ៥១១លានដុល្លារអាមេរិក ដែលអាចធានាការនាំចូលបានប្រមាណ៧ខែ ក្នុងឆ្នាំ២០២៤ ជាមួយនេះ ស្ថានភាពការងារក៏មានស្ថិរភាព។
អង្គសន្និបាត បានបញ្ជាក់ថា «លើមូលដ្ឋាននេះ ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើងដែលឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនៃផលិតផលសរុបក្នុងស្រុកជាមធ្យមក្នុងមនុស្សម្នាក់ពី ២ ៥២០ ដុល្លារ ក្នុងឆ្នាំ២០២៣ ដល់ប្រមាណ ២ ៧១៣ ដុល្លារ ក្នុងឆ្នាំ២០២៤។ លើមូលដ្ឋានការរីកចម្រើនក្នុងឆ្នាំ២០២៤ ជាមួយនឹងការងើបឡើងវិញជាបណ្តើរៗនៃសេដ្ឋកិច្ចសកល សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ ត្រូវបាន រំពឹងថានឹងបន្តងើបក្នុងអត្រាកំណើន ៦.៣ភាគរយ។ ឆ្លងតាមការ វិវឌ្ឍនេះ ឆ្លុះបញ្ចាំងថា សេដ្ឋកិច្ចជាតិកំពុងត្រឡប់មករក ស្ថានភាពកំណើនដូចពេលមុនមានវិបត្តិជំងឺកូវីដ-១៩វិញ»៕