យោងតាមសំណេរនៅលើបណ្ដាញសង្គម អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសជួយទិញស្រូវកសិករ ១ពាន់តោន ។ «ខ្ញុំជួយទិញស្រូវកសិករ 1,000តោន ផលិតជាអង្ករបើកអង្ករជូនអតិថិជនដែលបានទិញបុរី ឡេង ណាវ៉ាត្រា 6Aទាំងអស់ដែលខ្វះខាត សម្រាប់ហូបរយៈពេលពេញមួយឆ្នាំ ដោយឥតគិតថ្លៃ» ។
លោកបន្តថា «អតិថិជនរបស់ខ្ញុំទាំងអស់ដែលខ្វះខាត និងសំណង់យឺតយ៉ាវ សូមបំពេញព័ត៌មានដើម្បីទទួលបានអង្ករហូបរយៈពេលមួយឆ្នាំដោយឥតគិតថ្លៃ។ នេះជាទឹកចិត្តតិចតួច ជួយកសិករផង និងជួយដល់អតិថិជនដែលបានយោគយល់ និងអធ្យាស្រ័យដល់ក្រុមហ៊ុនកន្លងមក យេីងខ្ញុំនឹងខិតខំពន្លឿនការសាងសង់ និងការទទួលខុសត្រូវផ្សេងៗផងដែរ។ អាចជួយបានទាំងកសិករ និងបន្ធូរបន្ទុកដល់អតិថិជនរបស់បុរីឡេង ណាវ៉ាត្រាទាំងអស់ខ្លះ។ មានបងប្អូនណាដែលចង់ជួយកសិករយើងអាចចូលរួមជាមួយគ្នាបាន រួមគ្នាជួយជាតិ និងប្រជាជនយើង» ។
ក្រឡេកទៅ ឧកញ៉ា ខេមរ:សេរីមន្ត ឯណោះវិញក៍ប្រកាសជួយទិញស្រូវកសិករស្រដៀងគ្នាផងដែរ ។ «ជួយគ្នាក្នុងគ្រាលំបាក ខ្ញុំបាទខេមរៈសិរីមន្ត និងភរិយាសូមប្រកាសទិញស្រូវ 50 តោនដើម្បីចែកជូនដល់បងប្អូនពូមីងដែលមានការខ្វះខាតដោយក្តីគោរពនឹងស្រលាញ់» ។
ចំណែក លោក ឧកញ៉ា ព្រាប សុវត្ថិ វិញក៍ប្រកាសជួយទិញស្រូវកសិករផងដែរ ។ «ខ្ញុំបាទព្រាបសុវត្ថិ និងភរិយាសូមចូលរួមចំណែកទិញស្រូវពីអ៊ំពូមីង កសិករចំនួន៥០តោន ដេីម្បីផ្ដល់ជូនអ៊ំពូមីងបងប្អូន ដែលកំពុងខ្វះខាត ។ ចូលរួមជួយបន្ដដេីម្បីផ្ដល់ស្នាមញញឹមប្រជាជនខ្មែរទាំងអស់គ្នា» ។
មិនថាតែអ្នកឧកញ៉ា លោកឧកញ៉ា ប៉ុណ្ណោះទេ ដែលប្រកាសក្ដែងៗជួយទិញស្រូវកសិករ សូម្បីតែ ម្ចាស់ក្រុមហ៊ុន ស៊ីប៊ែល ប៉ារីស អ្នកស្រី សុខ រស្មី ក៍បានប្រកាស និងចុះទៅជួយទិញស្រូវកសិករផងដែរ ។ «នាងខ្ញុំ និង គ្រួសារ បានមកដល់ខេត្ត បាត់ដំបង ហើយ បានប្រមូលទិញស្រូវចំនួន 30តោន ពីបងប្អូនប្រជាកសិករខ្មែរនៅខេត្តបាត់ដំបង ដើម្បីត្រៀមចែកជូន អ៊ុំពូមីងដែលខ្វះខាត ។ ដំបូងគ្រោងទិញតែ10តោនទេ ប៉ុន្តែដោយសារតែមានការសំណូមពរពីបងប្អូនខ្មែរ នៅខេត្តបាត់ដំបង ហៅជួយទិញក៏លើសចំនួនដែលបាននិយាយ»៕