ការព្រមាននេះ ធ្វើឡើងក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបសកម្មភាពលទ្ធផលការអនុវត្តតួនាទី ភារកិច្ច ការធ្វើកំណែទម្រង់ និងការងារកសាងអង្គភាពកងរាជអាវុធហត្ថ ឆ្នាំ២០២៤ និងបន្តលើកទិសដៅផែនការកម្មវិធីសកម្មភាពការងារកងរាជអាវុធហត្ថ ឆ្នាំ២០២៥ និងពិធីបំពាក់ឋានន្តរសក្តិ ការតែងតាំងផ្លាស់ប្តូរមុខងារ ផ្ទេរភារកិច្ច នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និង នាយទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យរបស់កងយោធពលខេមរៈភូមិន្ទ ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសមិនត្រូវពាក់ព័ន្ធ ឬនៅពីក្រោយខ្នងនៃបទល្មើសណាមួយឡើយ បើក្នុងករណីរកឃើញថា មានមន្ត្រីកងអាវុធហត្ថណាដែលជាប់ពាក់ព័ន្ធ នឹងមានវិធានការអនុតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ
។ ជាមួយគ្នានេះ លោកបានបញ្ជាក់ទៀតថា ការបង្រ្កាបក្មេងទំនើងគ្រប់ការិយាល័យជំនាញនិងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ទាំង៩ ត្រូវអនុវត្តឧ្យបានតឹងរឹងបំផុត។
លោកឧត្តមសេនីយ៍ មេបញ្ជាការក៏បានកោតសរសើរចំពោះអាវុធហត្ថទាំងអស់ដែលបានបំពេញភារកិច្ចបានល្អ គោរពវិន័យ ត្រូវទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំតាមរយៈការដំឡើងឋានន្តរសក្ដិ តួនាទី ភារកិច្ចជាដើម។ មួយវិញទៀតមន្ត្រីកងរាជអាវុធហត្ថទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ កសាងអង្គភាពឱ្យបានរឹងមាំ បន្តចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបរាល់បទល្មើសផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន៕