ថ្លែងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថាការងារនេះត្រូវបន្តការយកចិត្តទុកដាក់ មានការកំណត់ថ្លៃច្បាស់លាស់ ជាពិសេសត្រូវមានអំណាចនៅក្នុងទីផ្សារ និងមានអំណាចនៃការចរចា។
លោករដ្ឋមន្រ្តី បានលេីកឡេីងពីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលរួមមានការរក្សាស្ថិរភាពថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការកសាងសហគមន៍កសិកម្មទំនើប ដែលអង្គពិធីត្រូវយកចិត្តទុកដាក់ និងអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ជាទិសដៅការងារបន្ត លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថាក្រសួងនឹងជំរុញការងារបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្ម និងមន្ទីរពិសោធន៍ជាតិ ដើម្បីជំរុញការងារស្រាវជ្រាវ និងការងារពិសោធឱ្យមានភាពបន្សុីគ្នា មាននវានុវត្តន៍ខ្ពស់ និងអាចបម្រើគ្រប់អនុវិស័យទាំងអស់ក្នុងវិស័យកសិកម្ម។
ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ត្រូវបន្តខិតខំបំពេញការងារ និងចេះផ្សព្វផ្សាយនូវសមិទ្ធផលនានា ដើម្បីទទួលបានការគាំទ្រ និងការទទួលស្គាល់ពិតប្រាកដពីសាធារណជន ដែលជាគុណាធិបតេយ្យនៃមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់។
ជាទីបញ្ចប់ លោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់អង្គពិធី ត្រូវចេះសហការគ្នាគ្រប់អនុវិស័យទាំងអស់ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ជាពិសេសការអភិវឌ្ឍលើវិស័យកសិកម្ម ដែលជាផ្នែកមួយដ៏សំខាន់ចូលរួមចំណែកទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ សំដៅឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕