ក្នុងពិធីផ្សព្វផ្សាយទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រកាសមុខតំណែង បំពាក់ឋានន្តរសក្តិ ប្រគល់ប័ណ្ណ លិខិតសរសើរ ជូនដល់យោធិន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ២០១នាក់ ក្នុងនោះរួមមាន៖ ប្រកាសមុខតំណែង ផ្ទេរភារកិច្ច ចំនួន ២៥នាក់, បំពាក់ឋានន្តរសក្តិ ចំនួន ១៣នាក់, ប្រគល់ ប័ណ្ណ-លិខិតសរសើរ សរុបចំនួន ១៦៣សន្លឹក នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានមានប្រសាសន៍ថា មុខតំណែង ឋានន្តរសក្តិ ប័ណ្ណ លិខិតសរសើរ ដែលបងប្អូនទទួលបាន នៅថ្ងៃនេះ គឺកើតចេញពីការប្រឹងប្រែងបំពេញការងាររបស់បងប្អូនផ្ទាល់ និងដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា ដូច្នេះ បងប្អូនត្រូវយកចិត្តទុកដាក់បំពេញការងារឲ្យបានល្អ ដើម្បីជាការឆ្លើយតបទៅនឹងជំនឿទុកចិត្តរបស់ថ្នាក់ដឹកនាំ និងត្រូវស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ គោរពច្បាប់ គោរពសិទ្ធមនុស្ស និងបទបញ្ជាទាំងឡាយរបស់ថ្នាក់លើ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់ ជាពិសេស ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឺងម៉ាត់នូវអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបោសសម្អាតការជួញដូរគ្រឿងញៀន និងចាត់វិធានការបង្ក្រាបឲ្យបានម៉ឺងម៉ាត់បំផុតចំពោះបញ្ហាក្រុមក្មេងទំនើង ឲ្យដូចភ្លៀងរលឹម ដោយគ្មានការលើកលែងនោះឡើយ ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម៕