ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អាគារសិក្សាថ្មីចំនួន១ខ្នងមាន ៥បន្ទប់ នៅក្នុងបរិវេនសាលាបឋមសិក្សា បានប៊ុងថ្មី នៅព្រឹកថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ២០២៤ លោក ចូសេហ្វ អ៊ូរី និងក្រុមគ្រួសារ ថ្នាក់ដឹកនាំអង្គការផ្លែនអន្តរជាតិប្រចាំខេត្តស្ទឹងត្រែង បានលើកឡើងថា ការពង្រឹងគុណភាពអប់រំនៅក្នុងប្រទេសកម្ពុជា ពិសេសខេត្តស្ទឹងត្រែង មានបងប្អូនជនជាតិដើមភាគតិចជាច្រើនអ្នកមានសារៈសំខាន់ណាស់ ដែលយើងត្រូវភ្ជាប់ទំនាក់ទំនងគ្នា រវាងការអប់រំ និងការអភិវឌ្ឍន៍ ពីព្រោះបើគ្មានការអប់រំនោះទេក៏គ្មានការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនោះដែរ។
មានប្រសាសន៍ក្នុងពិធី លោកស្រី កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែង បានថ្លែងអំណរអរគុណ លោក ចូសេហ្វ អ៊ូរី និងក្រុមគ្រួសារ ដែលម្ចាស់ជំនួយ ដែលកសាងសាលាបឋមសិក្សាថ្មី បានប៊ុង នេះ និង ប្តេជ្ញាបន្តសហការជាមួយអង្គការផ្លែនអន្តរជាតិនិងអង្គការដៃគូអភិវឌ្ឍន៍នានាដើម្បីចូលរួមអភិវឌ្ឍន៍នៅមូលដ្ឋានខេត្តស្ទឹងត្រែងឲ្យកាន់តែមានការអភិវឌ្ឍរីកចំរើនទៅមុខ។
លោកស្រី កែវ សាវឿន បានសង្កត់ធ្ងន់ថា កត្តាដែលអាចនាំឲ្យមានអង្គការក្រៅរដ្ឋាភិបាលឬអង្គការដៃគូអភិវឌ្ឍន៍បានចូករួមកសាងសមិទ្ធផល និងចូលរួមអភិវឌ្ឍន៍សហគមមូលដ្ឋាននេះគឺមកពីកត្តាសន្តិភាពដែលយើងមិនអាចកាត់ថ្លៃបាន។ប្រសិនបើគ្មានសន្តិភាពទេ យើងក៏មិនអាចអភិវឌ្ឍន៍សហគមន៍ ភូមិ/ឃុំ/ស្រុក និងប្រទេសជាតិឲ្យមានភាពរីកចំរើនបានដែរ ដូចនេះទោះក្នុងតម្លៃណាក៏ដោយយើងត្រូវរួមគ្នាការពារសន្តិភាពនេះឲ្យបាននៅគង់វង់ជានិរន្តន៍៕