ថ្លែងក្នុងឱកាសអនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមសិល្បករខ្មែរ និងបណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡា ចូលជួបសម្ដែងការគួរសម នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា មានប្រសាសន៍ថា ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយ ផ្តោតលេីផ្លូវក្រវាត់ព្រំដែន មិនត្រឹមតែជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ថែមទាំងជាខឿនការពារជាតិ, អធិបតេយ្យភាព, បូរណភាពទឹកដី, ជំរុញការអភិវឌ្ឍតំបន់ភូមិភាគឦសាន, និងអនុញ្ញាតឱ្យកូនខ្មែរគ្រប់ជំនាន់បានធ្វើដំណើរដល់ព្រំដែនដែលមិនធ្លាប់បានធ្វើដំណើរទៅដល់ពីមុន។
សម្ដេចបវរធិបតីបានបន្តទៀតថា រាជរដ្ឋាភិបាលបានដាក់ទិសដៅដើម្បីប្រែក្លាយ និងអភិវឌ្ឍតំបន់ព្រំដែននៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសនិយាយជារួម និងតំបន់ព្រំដែនភូមិភាគឦសាននិយាយដោយឡែក ទៅជាព្រំដែន ប្រកបដោយសក្ដានុពលសេដ្ឋកិច្ច ដោយផ្តោតលេីវិស័យកសិ-ឧស្សាហកម្ម និង ដាក់ ចេញ នូវ"កម្មវិធី ផ្តល់ដី ការពារ ព្រៃ ដេីម្បី រួមគ្នា អភិវឌ្ឍ ដោយចីរភាព" ដេីម្បី ផ្តល់ដីសម្បាទាន សង្គមកិច្ចដល់ ប្រជាពល រដ្ឋ ដែលខ្វះ ដី ពិត ប្រាកដ សម្រាប់ កសាង លំនៅដ្ឋាន ។
ឆ្លៀតក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារកសាង និងអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលេីការកសាងផ្លូវ ក្រវាត់ព្រំដែន ដែលបានពុះពាររាល់ឧបសគ្គ និងការលំបាកនានា ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាន តាមផែនការដែលបានគ្រោងទុក។
ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះសមាគមសិល្បករខ្មែរ និងបណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡាដែលបានចូលរួម បរិច្ចាគថវិកាក្នុង មូលនិធិកសាង ហេដ្ឋា រចនាសម្ព័ន្ធ តាម ព្រំដែន ដោយ ផ្តោតលេី ការកសាងផ្លូវក្រវាត់ព្រំដែន នាពេលកន្លងមក និងបានចូលរួមផ្សព្វផ្សាយអំពីវប្បធម៌, អរិយធម៌ និងប្រពៃណីជាតិខ្មែរ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងការរៀបចំព្រឹត្តិការណ៍តន្ត្រី និងកីឡានានា។ សម្ដេចបវរធិបតីបានលើកទឹកចិត្តសមាគមសិល្បករខ្មែរ និងបណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡា បន្ដចូលរួមផ្សព្វផ្សាយឱ្យកាន់តែផុលផុសថែមទៀត តាមគ្រប់រូបភាពក្នុងគោលដៅលើកកម្ពស់ការយល់ដឹងពីវប្បធម៌, អរិយធម៌ និងប្រពៃណីជាតិខ្មែរ ព្រមទាំងចូលរួមផ្សព្វផ្សាយនូវព័ត៌មានពិតរបស់ប្រទេសជាតិយើង ក្នុងចំណោមសាធារណជនទូទៅ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ៕