ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
តុលាការកាត់ទោស ស្រី ស៊ីណា ជាប្រវត្តិសាស្រ្តក្នុងវិស័យយុត្តិធម៌
ថ្ងៃទី ៖ 25-12-2024, ដោយ​​ Dara007 , 68 Views
                     
ភ្នំពេញៈ លោក កើត រិទ្ធ អះអាងថា តុលាការកាត់ទោស ស្រី ស៊ីណា ជាប្រវត្តិសាស្រ្តក្នុងវិស័យយុត្តិធម៌ ដែលកំណត់ឲ្យជាប់ពន្ធនាគារ៣១ឆ្នាំ និងបង់១លានដុល្លារទៅដល់ក្រុមគ្រួសារអ្នកស្លាប់។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មានប្រសាសន៍ថា មានគោលការណ៍សំខាន់យ៉ាងតិចពីរ ដែលតុលាការបានប្រើក្នុងការសម្រេចសេចក្តីនេះ គឺ ៖ (ទី១). “គោលការណ៍យុត្តិធម៌តាមច្បាប់” ដែលតុលាការ ត្រូវប្រកាន់ភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ ប៉ុន្តែភាពម៉ឺងម៉ាត់នេះ ត្រូវគោរពទៅតាមអ្វីដែលច្បាប់ជាធរមានបានកំណត់ ដើម្បីផ្តល់យុត្តិធម៌តាមច្បាប់ជូនដល់ជនរងគ្រោះ និង(ទី២). “គោលការណ៍សមទណ្ឌោ” ក្នុងការសម្រេចសេចក្តី ទាំងលើការផ្តន្ទាទោសដាក់ពន្ធនាគារជាអតិបរមាទាំងលើការសងសំណងជំងឺចិត្ត១លានដុល្លារដែលជាសំណងដ៏ច្រើនមិនធ្លាប់មានក្នុងប្រវត្តិនៃការកាត់ក្តីទាក់ទងនឹងរឿងឃាតកម្ម”។ លោកបញ្ជាក់ថា សំណងដល់១លានដុល្លារនេះ មិនអាចដោះដូរនឹងតម្លៃនៃអាយុជីវិតមិនអាចកាត់ថ្លៃបានរបស់យុវជនទាំងពីររូប ដែលត្រូវសម្លាប់យ៉ាងឃោរឃៅនៅក្នុងករណីឃាតកម្មដ៏សាហាវនេះឡើយ ប៉ុន្តែ នេះ ជាអ្វីដែល “យុត្តិធម៌ក្នុងយុគសម័យនៃពិភពលោកបច្ចុប្បន្ន” អាចធ្វើបាន ដើម្បីជាសំណងជំងឺចិត្តដល់គ្រួសារជនរងគ្រោះ និងអ្នករងគ្រោះ បន្ថែមពីលើអ្វីដែលជាការផ្តន្តាទោសដាក់ពន្ធនាគារ។

ផ្អែកតាម “គោលការណ៍សមទណ្ឌោ”, ផ្នែកនៃការសម្រេចអំពីសំណងនេះ គឺសក្តិសមជាទីបំផុតសម្រាប់ឧកញ៉ាមានលុយ ដែលក្អេងក្អាងប្រមាថជីវិតអ្នកដទៃ និងបានប្រព្រឹត្តអំពើឃាតកម្មដ៏ឃោរឃៅបែបនេះ។

លោកបន្ថែមថា ក្នុងនាមជារដ្ឋមន្រ្តីយុត្តិធម៌ ដែលទទួលបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើរឿងនេះតាំងពីដំណាក់កាលដំបូងនឹងបន្តតាមដានការអនុវត្តច្បាប់ចំពោះករណីនេះជាបន្តទៀត មិនត្រឹមតែត្រឹមនៅសាលាជម្រះក្តីជាន់ខ្ពស់ ក្នុងករណីមានបណ្តឹងតវ៉ានឹងសាលក្រមនោះទេ ប៉ុន្តែនឹងបន្តតាមដាននៅពេលអនុវត្តទោសក្នុងពន្ធនាគាររបស់ទណ្ឌិត ពិសេសគឺអ្វីដែលឯកឧត្តមបានលើកឡើងក្នុងសន្និសីទសារព័ត៌មានលើករណីនេះនាពេលកន្លងទៅថា នឹងដាក់ឈ្មោះឧក្រិដ្ឋជនសាហាវឃោរឃៅនេះក្នុងបញ្ជីខ្មៅ ដែលនឹងមិនត្រូវទទួលបាននូវការបន្ធូរបន្ថយទោស ឬលើកលែងទោសឡើយ។ ជាមួយគ្នានេះលោកក៏នឹងតាមដានអំពីការអនុវត្តសំណងចំពោះជនរងគ្រោះនៅក្នុងសំណុំរឿងនេះដែរ។

ទន្ទឹមនឹងនេះ លោកបានកោតសរសើរចំពោះសាលាដំបូងរាជធានីភ្នំពេញ ដែលបានប្រកាន់ខ្ជាប់នូវគោលជំហរនៃការអនុវត្តច្បាប់ដោយត្រឹមត្រូវ និងម៉ឺងម៉ាត់ ដើម្បីរកយុត្តិធម៌ឲ្យជនរងគ្រោះទាំងឡាយនៅក្នុងករណីឃាតកម្មនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមកាត់ក្តីសំណុំរឿងអតីតឧកញ៉ា ស្រី ស៊ីណាដោយសម្រេចផ្តន្ទាទោសឧក្រិដ្ឋជននេះ ដាក់ពន្ធនាគារជាអតិបរមាតាមច្បាប់ដែលសរុបទាំង៣សំណុំរឿង មានរហូតដល់ទៅ៣១ឆ្នាំ ហើយបានសម្រេចផ្តល់សំណងជំងឺចិត្តដល់គ្រួសារអ្នករងគ្រោះដែលបានស្លាប់បាត់បង់ជីវិតចំនួន១លានដុល្លារក្នុងមួយគ្រួសារ , អ្នករងរបួសធ្ងន់ចំនួន៣០ម៉ឺនដុល្លារ និងអ្នករងគ្រោះស្រាលចំនួន២០ម៉ឺនដុល្លារ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com