ក្នុងឱកាសអនុញ្ញាតឱ្យ លោក ង្វៀន ហ៊ុយតាំង(NGUYEN HUY TANG) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ពិតជាមានសេចក្តីរីករាយដោយបានឃើញ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរមានការកើនឡើង ដែលជាកត្តាសត្យានុម័ត។ ប្រសិនបើគ្មានមានការគាំទ្រពីទំនាក់ទំនងសេដ្ឋកិច្ចទេ ទំនាក់ទំនងនយោបាយក៏មិនអាចរឹងមាំដែរ ដូច្នេះទំនាក់ទំនងសេដ្ឋកិច្ចគាំទ្រដល់ទំនាក់ទំនងនយោបាយ។
សម្តេចតេជោ បានគូសបញ្ជាក់ថា ប្រទេសយើងទាំងពីរគួរបន្តខិតខំប្រឹងប្រែងពង្រឹងពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរប្រជាជន និងប្រជាជន តាមរយៈវិស័យទេសចរណ៍ ជាពិសេស ការធ្វើដំណើរតាមផ្លូវគោក។ សម្តេចតេជោបានបន្ថែមថា ក្នុងរយៈពេល៥៧ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម គណបក្ស ប្រជាជន កម្ពុជា បានគ្រប់គ្រងអស់៤៥ឆ្នាំ និង បានប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់សន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ។
ជាមួយគ្នានេះ សម្តេចតេជោបានសម្តែងនូវក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរដ្ឋទូតក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជានាពេលកន្លងមក ជាពិសេស កិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ក្នុងព្រះរាជដំណើរទស្សនកិច្ចរបស់ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅវៀតណាម ដំណើរទស្សនកិច្ចរបស់ឯកឧត្តម តូ ឡឹម នៅកម្ពុជា គណៈប្រតិភូជាន់ខ្ពស់កម្ពុជាចូលរួមកិច្ចប្រជុំកំពូលនៅវៀតណាម និងចូលរួមបុណ្យសពថ្នាក់ដឹកនាំវៀតណាម ព្រមទាំងគណៈប្រតិភូថ្នាក់ដឹកនាំវៀតណាមចូលរួមក្នុងមហាសន្និបាត ICAPP លើកទី១២ និង សម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព(IPTP) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលបានជោគជ័យ។
លោកឯកអគ្គរដ្ឋទូត បានថ្លែងនូវសេចក្តីដឹងគុណផងដែរចំពោះ សម្តេចតេជោ ដែលបាន គាំទ្រដល់ឯកឧត្តមផ្ទាល់ ក្នុងរយៈពេល ៤៤ឆ្នាំ កន្លងមកនេះ និងជាពិសេសក្នុងរយៈពេលដែលឯកឧត្តមជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ទទួលបានជោគជ័យ និងសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំកម្ពុជាទាំងអស់ ដែលបានផ្តល់គ្រឿងឥស្សរិយយសជូនឯកឧត្តម ដែលនេះគឺជារង្វាន់ដ៏មានតម្លៃ និងមិនអាចកាត់ថ្លៃបានសម្រាប់រូបឯកឧត្តម ក៏ដូចជាស្ថានទូតវៀតណាម។
លោក បានលើកឡើងថាក្នុងនាមជាជនជាតិវៀតណាមម្នាក់ លោកឯកអគ្គរដ្ឋទូតមានសេចក្តីសោមនស្សរីករាយ ជាអតិបរមាដែលបានចូលរួមចំណែកផ្សាភ្ជាប់យ៉ាងជិតស្និទ្ធនូវទំនាក់ទំនងវៀតណាម-កម្ពុជា ក្នុងរយៈពេល ៤៤ឆ្នាំចុងក្រោយនេះ។
លោក បានវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ ដែលប្រជាជនកម្ពុជាសម្រេចបាន ក្រោមព្រះរាជបូជនីយកិច្ច ប្រកបដោយសុភវិនិច្ឆ័យរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំដ៏ត្រឹមត្រូវរបស់ព្រឹទ្ធសភា រដ្ឋសភានិងក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណបក្សប្រជាជនជាស្នូល ដែលបាននាំមកនូវសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងសន្តិសុខ ព្រមទាំងបានពង្រឹង និងពង្រីកការអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានការរីកចម្រើនខ្លាំងក្លា។
លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ពីការរីកចម្រើននៃការទូតរបស់កម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបើកទូលាយ ដែលបាននាំមកនូវកិត្យានុភាព និងតួនាទីយ៉ាងសំខាន់របស់កម្ពុជាលើឆាកអន្តរជាតិ និងកាន់តែត្រូវបានលើកកម្ពស់ឥតឈប់ឈរ។
លោកឯកអគ្គរដ្ឋទូត បានបន្តជម្រាបជូន សម្តេចតេជោ ថាឯកឧត្តម មានសេចក្តីសប្បាយរីករាយ ដែលទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ក្នុងរយៈពេល ៥៧ឆ្នាំ គិតចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតរហូតមកដល់បច្ចុប្បន្ន មានការរីកចម្រើនយ៉ាងល្អប្រសើរឥតឈប់ឈរលើគ្រប់វិស័យ រួមមាន វិស័យនយោបាយ ការទូត យោធា សន្តិសុខ អប់រំ ស្ថាប័ន ទំនាក់ទំនងសភា អាជ្ញាធរតាមបណ្តាខេត្ត និងការងារការទូតទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍប្រទេសយើងទាំងពីរ។
លោក មានក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រធាន និងគណបក្សកុម្មុយនីស្តវៀតណាម ដែលមានលោក តូ ឡឹម ជាប្រធាន ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ នឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ៕