ថ្លែងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកកទឹកចិត្តដល់អគ្គនាយកដ្ឋាន សហការជាមួយវិស័យឯកជន គ្រប់ភាគីពាក់ព័ន្ធ និងអ្នកវិនិយោគទាំងអស់ ចូលរួមបើកទីផ្សារផលិតផលសាច់គ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិ និងដោះស្រាយបញ្ហាប្រឈមជាមួយគ្នា ដោយគិតគូរពីស្តង់ដាអនាម័យ ភូតគាមអនាម័យ គុណភាព រសជាតិ ស្របតាមនីតិវិធីត្រឹមត្រូវ និងបច្ចេកទេសនៃកិច្ចចរចាពាណិជ្ជកម្ម ដោយទទួលបានតម្លៃបន្ថែមខ្ពស់ និងផ្តល់ផលចំនេញដល់សេដ្ឋកិច្ចជាតិ។
លោកបញ្ជាក់ថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវបន្តប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ បន្តសហការជាមួយអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធនានា អាជ្ញាធរខេត្ត និងមន្ទីរកសិកម្មរាជធានី-ខេត្ត ដើម្បីជួយដល់ប្រជាកសិករដល់មូលដ្ឋាន និងទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ច។
លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជាបានឆ្លងផុតនូវដំណាក់កាល ខ្វះខាតការហូបចុក រហូតដល់មានការហូបគ្រប់គ្រាន់។
យ៉ាងណាក៏ដោយ ដើម្បីមានបាន គឺជាការលំបាកមួយកម្រិតទៀត ដែលអគ្គនាយកដ្ឋាន និងមន្រ្តីក្រោមឱវាទត្រូវគិតគូរពិចារណាឱ្យបានស៊ីជម្រៅដោយផ្តោតទៅលើភាពចំណេញសេដ្ឋកិច្ច តុល្យភាពតម្រូវការ និងការផ្គត់ផ្គង់ ផែនការផលិតកម្ម ដល់ប្រជាកសិករអ្នកចិញ្វឹមសត្វ ជាជាងការបង្កើនបរិមាណផលិតកម្មសត្វ ដែលនាំឱ្យតម្លៃធ្លាក់ចុះ និងខាតបង់ផលប្រយោជន៍ទាំងអស់គ្នា។
ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការងារសុខភាពសាធារណៈគឺជាការងារចាំបាច់ ដែលអគ្គនាយកដ្ឋាន ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចាក់វ៉ាក់សាំងដល់សត្វទូទាំងប្រទេស និងការផ្តល់សេវាកម្មថែទាំប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី មានសង្ឃឹមយ៉ាងមុតមាំ ចំពោះអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បន្តកិច្ចការងាររបស់ខ្លួនឱ្យកាន់តែល្អថែមទៀត មានសាមគ្គីភាពផ្ទៃក្នុង និងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ និងជូនពរដល់អង្គពិធី ទទួលបានជោគជ័យ និងសុភមង្គលគ្រួសារក្រោមម្លប់សុខសន្តិភាព៕