យោតាមសារលិខិត ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា យើងត្រូវការនូវការរួមចំណែក ដើម្បីប្រឆាំងអំពើពុករលួយ ការកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌សង្គម ការកែទម្រង់រដ្ឋបាលសាធារណៈ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការកសាងសង្គមមួយប្រកបដោយភាពយុត្តិធម៌ សុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងដែលជាបំណងប្រាថ្នា និងជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្តេចមហាបវរធិបតីបញ្ជាក់ថា សមិទ្ធផលដ៏ធំធេង និងជោគជ័យយ៉ាងត្រចះត្រចង់ ដែលរាជរដ្ឋាភិបាលកម្ពុជា ទទួលបាននាពេលកន្លងមក គឺមានការចូលរួមយ៉ាងសកម្ម និងមិនអាចកាត់ផ្តាច់បានពីស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន។ នេះគឺភាពជាដៃគូ ដែលមិនអាចខ្វះបានរវាងរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័ន សារព័ត៌មាន។
សម្តេចមហាបវរធិបតី អះអាងថា ក្នុងដំណាក់កាលណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ ក្នុងការលើកតម្កើងសិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពខាងការបញ្ចេញមតិ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មាន។
ក្នុងឱកាសនេះ សម្តេចមហាបវរធិបតី ក៏បានផ្តល់អនុសាសន៍មួយ ចំនួនសម្រាប់លោក លោកស្រី និពន្ធនាយកសារព័ត៌មានបន្តកិច្ចខិតខំប្រឹងប្រែង ដោយត្រូវ៖ ១. សហការគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបន្តដោះស្រាយរាល់បញ្ហាប្រឈមពាក់ព័ន្ធនឹងការបំពាន ក្រមសីលធម៌វិជ្ជាជីវៈ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំភ្លៃការពិត រួមទាំងការបញ្ចេញមតិដែល មានចរិតបំពុលសង្គម ការជេរប្រមាថ និងការញុះញង់បង្កឱ្យកើតមានអរិភាព និងការបែកបាក់ សាមគ្គីភាពជាតិ។ ២. ចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើ ការអនុវត្តច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយមដែល ជ្រកក្រោមស្លាកសារព័ត៌មាន។ ៣. ផ្តល់ព័ត៌មានពិត និងទាន់ហេតុការណ៍អំពីសភាពការណ៍ពិតនៅកម្ពុជា និងផ្សព្វផ្សាយ គោលនយោបាយរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំយកព័ត៌មានពីប្រជាពលរដ្ឋ មកកាន់រាជរដ្ឋាភិបាល ដើម្បីចាត់វិធានការដោះស្រាយបញ្ហាបានទាន់ពេលវេលា ប្រកបដោយ ប្រសិទ្ធភាព។ ៤. ធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងអំពីភាពពិតជាក់ស្តែង និងភាពអសកម្មនៅក្នុងសង្គមដើម្បីរាជរដ្ឋាភិបាល មានមូលដ្ឋានដោះស្រាយបញ្ហាចំគោលដៅ និងមានប្រសិទ្ធភាព។ ៥. ផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិរបស់កម្ពុជាពាក់ព័ន្ធនឹងសិទ្ធិនៃការបញ្ចេញមតិ សេរីភាព សារព័ត៌មាន ឱ្យកាន់តែទូលំទូលាយ សំដៅបញ្ជាបការយល់ដឹងដល់ប្រជាពលរដ្ឋ ដើម្បីជៀសវាង ការប្រើប្រាស់សិទ្ធិនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មានមិនសមស្រប ធ្វើឱ្យប៉ះពាល់ដល់ សេចក្តីថ្លៃថ្នូរ ទំនៀមទម្លាប់ សណ្តាប់ធ្នាប់សាធារណៈ និងជាពិសេសប៉ះពាល់ដល់សន្តិសុខជាតិ។ ៦. ជំរុញការផ្សព្វផ្សាយអប់រំដល់សាធារណជនអំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បី កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការប្រើប្រាស់គ្រឿងញៀន និងរក្សាសុវត្ថិភាពសង្គម។ ៧. ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្សាយព័ត៌មាន ដោយត្រូវឈរលើមូលដ្ឋាននៃតុល្យភាព និងភាពគ្រប់ជ្រុងជ្រោយនៃព័ត៌មាន ជៀសវាងការផ្សព្វផ្សាយដែលធ្វើឱ្យខូចផលប្រយោជន៍ជាតិ និងបាត់បង់ទំនុកចិត្តពីសាធារណជន។ ៨. បណ្តុះបណ្តាលសមត្ថភាពជំនាញដល់អ្នកសារព័ត៌មានទាំងបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីលើក កម្ពស់គុណភាពព័ត៌មាន សណ្តាប់ធ្នាប់ព័ត៌មាន និងកិត្យានុភាពស្ថាប័នសារព័ត៌មាន។
ទន្ទឹមនេះ សម្តេចមហាបវរធិបតី សូមកោតសរសើរចំពោះស្ថាប័នសារព័ត៌មាននិងបងប្អូនអ្នកសារព័ត៌មាន ដែលបានខិតខំពុះពារជម្នះរាល់ឧបសគ្គក្នុងការចុះយកព័ត៌មាន ការចែករំលែកព័ត៌មាន ការផ្សព្វផ្សាយព័ត៌មាន បានលឿនរហ័សទាន់សភាពការណ៍ និងទូលំទូលាយទាំងនៅក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ ដើម្បីបង្ហាញ ពីសភាពការណ៍ពិតនៅកម្ពុជា ពិសេសព្រឹត្តិការណ៍ធំៗជាប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះ ដូចជាព្រឹត្តិការណ៍ នៃការសម្ពោធបើកការដ្ឋានព្រែកជីកហ្វូណនតេជោ និងសារប្រយោជន៍ដែលប្រជាជននិងប្រទេសជាតិយើង នឹងទទួលបានពីព្រែកជីកជាប្រវត្តិសាស្ត្រមួយនេះ និងការរួមចំណែកផ្សព្វផ្សាយ ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម រួមទាំងព្រឹត្តិការណ៍ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលទទួលបានជោគជ័យដ៏ធំធេង នាពេលកន្លងមកនេះ។
សម្តេចមហាបវរធិបតី សូមថ្លែងអំណរគុណ និងលើកទឹកចិត្តដល់ការរៀបចំដំណើរទស្សនកិច្ចរបស់ អ្នកសារព័ត៌មានទៅតាមបណ្តាខេត្ត-ក្រុងនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយផ្សព្វផ្សាយអំពី «សក្តានុពលទេសចរណ៍នៅកម្ពុជា» ដែលនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យ ទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាទីបញ្ចប់នេះ សម្តេចមហាបវរធិបតីមានក្តីសង្ឃឹមយ៉ាងមុតមាំថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ ឆ្នាំ២០២៤ នឹងផ្តល់នូវលទ្ធផលប្រកបដោយផ្លែផ្កា ដើម្បីបន្តរួមចំណែកជំរុញអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនមួយកម្រិតថែមទៀត៕