សម្តេចធិបតីបានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនាពេលនេះ គឺដើម្បីតភ្ជាប់រវាងបងប្អូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ហើយក៏ដើម្បីងាយស្រួលជួយរកដំណោះស្រាយជួយដល់បងប្អូនដែលជួបបញ្ហាផងដែរ។
ទន្ទឹមនឹងនេះ ការចុះឈ្មោះសម្រាប់អ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធគឺមិនមានការជំរុញ និងធ្វើការបង្ខិតបង្ខំនោះទេ ពោលគឺឈរលើគោលការស្ម័គ្រចិត្ត បន្ទាប់ពីរាជរដ្ឋាភិបាលឱ្យមានការចុះឈ្មោះនេះ គឺក្នុងគោលបំណងជួយប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាពឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ។
ជាមួយគ្នានេះ សម្តេចធិបតី បានណែនាំឱ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបង្កលក្ខណៈងាយស្រួលក្នុងការចុះឈ្មោះថ្នាលឌីជីថលសម្រាប់កាត់បន្ថយភាពស្មុកស្មាញ និងចំនេញពេលវេលាជូនប្រជាពលរដ្ឋ ។
សម្តេចធិបតីអំពាវនាវ និងលើកទឹកចិត្តឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមចុះឈ្មោះទាំងអស់គ្នា ដើម្បីចាប់យកអត្ថប្រយោជន៍ផ្សេងៗ សំដៅធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាព ព្រមទាំងចូលរួមក្នុងដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ សម្តេចធិបតី បានណែនាំឱ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចុះអប់រំ និងធ្វើការផ្សព្វផ្សាយបន្ថែមទៀត ដល់បងប្អូនតាមសហគមន៍ ទាក់ទងនឹងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីពន្យល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់អំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺមិនត្រូវធ្វើយ៉ាងណាយកគេងចំណេញពីបងប្អូនប្រជាពលរដ្ឋនោះឡើយ។
សម្តេចធិបតីក៏ព្រមានចំពោះបុគ្គលណា ដែលបន្លំប្រជាពលរដ្ឋរត់ការ ដើម្បីបានលុយពីប្រជាពលរដ្ឋ ទាក់ទងនឹងករណីនេះ នឹងត្រូវអនុវត្ដតាមវិធានការច្បាប់ដោយគ្មានការលើកលែងនោះឡើយ។
ជាចុងក្រោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ស្នើឱ្យអាជ្ញាធរគ្របស់បណ្ដារាជធានីខេត្តទាំងអស់ ត្រូវជួយផ្សព្វផ្សាយព័ត៌មាន និងពិនិត្យមើលមន្ត្រីនៅតាមច្រកចេញចូលតែមួយឡើងវិញ ដើម្បីឱ្យការចុះឈ្មោះតាមប្រព័ន្ធអ៊ីនធឺណិតបានត្រឹមត្រូវ និងមានសង្គតិភាពកុំឱ្យមានការកេងចំណេញផងដែរ៕