ការថ្លែងនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ ដែលដឹកនាំដោយលោក រ៉េត្រូ ហ្រ្គូនីងហ្គឺ (Reto Gruninger) នាយកការិយាល័យកិច្ចសហប្រតិបត្តិការ និងកុងស៊ុលស្វីសប្រចាំកម្ពុជា នារសៀលថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះលោក Reto Gruninger ដែលត្រូវបានតែងតាំងជានាយកការិយាល័យកិច្ចសហប្រតិបត្តិការ និងទីភ្នាក់ងារកុងស៊ុលស្វីសប្រចាំកម្ពុជា។ ទន្ទឹមនេះ លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ទីភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ(SDC) ក្នុងការជួយគាំទ្រកម្ពុជាលើការពង្រឹងប្រព័ន្ធអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ(TVET) នៅកម្ពុជា។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានលើកឡើងថា ទីភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ(SDC) ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្លាំងពលកម្មកម្ពុជាជាមួយនឹងជំនាញដែលស្របទៅនឹងតម្រូវការទីផ្សារ និងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា។
ក្នុងន័យនេះ លោករដ្ឋមន្ត្រីជឿជាក់ថា ទីភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ(SDC) នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅលើវិស័យ TVET និងការងារទេសន្តរប្រវេសន៍សម្រាប់កម្ពុជាកាន់តែច្រើនថែមទៀត។
ជាការឆ្លើយតបលោក Reto Gruninger បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការផ្តល់នូវកិច្ចសហប្រតិបត្កិការជាមួយទីភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ(SDC)។
ទន្ទឹមនេះ លោកសង្ឃឹមថា សម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងឆ្នាំ២០២៥ខាងមុខនេះនឹងទទួលបាននូវលទ្ធផលកាន់តែល្អប្រសើរ៕