ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សភានៃរដ្ឋកាតា ចាប់ដៃកម្ពុជា ដើម្បីសន្តិភាពពិភពលោកប្រឆាំងសង្គ្រាម  
ថ្ងៃទី ៖ 11-12-2024, ដោយ​​ Dara007 , 48 Views
                     
កាតាៈ ប្រធានសភានៃរដ្ឋកាតា ប្រកាសចាប់ដៃកម្ពុជា ដើម្បីសន្តិភាពពិភពលោកប្រឆាំងសង្គ្រាម សម្រាប់ដោះស្រាយបញ្ហាតំបន់ និងសកល។ ការប្រកាសចាប់ដៃកម្ពុជា ដើម្បីសន្តិភាពពិភពលោកប្រឆាំងសង្គ្រាមនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ លោក ហាសាន់ ប៊ីន អាបឌុលឡា អាល-ហ្កានីម(Hassan bin Abdullah Al Ghanim) ប្រធានសភានៃរដ្ឋកាតា នៅវិមានរដ្ឋសភា រាជធានីដូហា នៅព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ។

ជាកិច្ចចាប់ផ្តើម លោក ប្រធានសភា បានស្វាគមន៍ យ៉ាងកក់ក្ដៅចំពោះសម្ដេចតេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅរដ្ឋកាតា ហើយទស្សនកិច្ចរបស់ សម្តេចតេជោ ពេលនេះល្អណាស់សម្រាប់ការជំរុញទំនាក់ទំនង និងសហប្រតិបត្តិការសភា និងវិស័យផ្សេងៗរវាងប្រទេសយើងទាំងពីរ។  

លោក ប្រធានសភាបានបន្តថា សភាកាតាមានទំនាក់ទំនង និងសហប្រតិបត្តិការជាមួយសភា នៃប្រទេសប្រទេសជាមិត្តជាច្រើន ក៏ប៉ុន្តែជាមួយសភានៅអាស៊ីមិនទាន់មានភាពរឹងមាំ ទេ។ ឯកឧត្តម លើកយោបល់ថា គួរមានការកិច្ចប្រជុំកំពូលសភា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យប្រសើរឡើង។

លោក សង្ឃឹមថា លោកនឹងធ្វើការជាមួយ សម្តេចតេជោ លើកិច្ចការនេះ។ ឯកឧត្តម បានបន្ថែមថា កាតាមានតួនាទីសំខាន់នៅក្នុងតំបន់ និងពិភពលោក និងចូលរួមចំណែកក្នុងការសម្របសម្រួលដើម្បីឱ្យមានដំណោះស្រាយបញ្ហាអន្តរជាតិដូចជា អ៊ុយក្រែន ប៉ាឡេស្ទីន និង អាហ្វានីស្ថាន ជាដើម។ លោក កោតសរសើរ ជំហរអព្យាក្រឹត្យរបស់ កម្ពុជា ចំពោះបញ្ហាប៉ាឡេស្ទីន។ លោក បានបន្តថា កាតាបានខិតខំធ្វើការដើម្បីឱ្យមាន បទឈប់បាញ់ ក្នុងផលប្រយោជន៍សន្តិភាពនិងប្រជាជន។ លោក យល់ថាបណ្តាសភានៅក្នុងសកលលោក ដែលស្រឡាញ់សន្តិភាព រួមដៃគ្នាធ្វើកិច្ចការនេះ។    

លោកប្រធានសភាកាតា យល់ស្របថា ធម្មនុញសន្តិភាពសកលលោកមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការពង្រីកទំនាក់ទំនងសភា និងអ្នកស្រឡាញ់សន្តិភាព។

លោក នឹងធ្វើការជាមួយកម្ពុជាដើម្បីសន្តិភាពពិភពលោកប្រឆាំងសង្គ្រាម។ នាឱកាសនេះ សម្តេចតេជោ បានសម្តែងនូវសេចក្តីអំណរគុណដល់ លោកប្រធានសភាកាតា ចំពោះការអញ្ជើញ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ។ សម្តេច ក៏បានអរគុណផងដែរ ឯកឧត្តមប្រធានសភាចំពោះ ការលើកឡើងពីទំនាក់ទំនងទ្វេភាគីកម្ពុជា កាតា និង តួនាទីរបស់សភា ក្នុងការដោះស្រាយបញ្ហាតំបន់ និងពិភពលោក។   សម្តេច ពិតជារីករាយនឹងដំណើរទស្សនកិច្ចនៅរដ្ឋកាតា ដែលនឹងពង្រឹងទំនាក់ទំនងរវាងអង្គការនីតិប្បញ្ញត្តិ រាជរដ្ឋាភិបាល ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសយើងទាំងពីរ។

សម្តេចគូសបញ្ជាក់ថា សម្តេច បានជួបលោកនាយករដ្ឋមន្ត្រីកាតា ហើយតាមសំណើរបស់គាត់ សម្តេចនឹងទទួលជួបរដ្ឋមន្ត្រីពាណិជ្ជកម្ម និងថ្នាក់ដឹកនាំ អាជ្ញាធរវិនិយោគកាតា។

សម្តេចតេជោ បានបន្ថែមថា ប្រទេសយើងទាំងពីរត្រូវធ្វើការជាមួយគ្នាដើម្បីសម្រេចបានកិច្ចព្រមព្រៀងគាំពារវិនិយោគ និងពាណិជកម្ម។ ប្រទេសកាតាមានសន្តិសុខថាមពល ហើយកម្ពុជាមានសន្តិសុខស្បៀង។ សម្តេច ចង់បានវិនិយោគិនកាតាមកម្ពុជា និង ចង់ឃើញការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដោយសារសភាពការពិភពលោកស្មុគស្មាញ។ សម្តេច បានទទួលស្គាល់ដោយការពេញចិត្ត និង វាយតម្លៃខ្ពស់នូវតួនាទីរបស់កាតានៅលើឆាកអន្តរជាតិ ដូចជាការចរចាពាណិជ្ជកម្មពិភពលោកក្នុងក្របខ័ណ្ឌ Doha Round ជាដើម។

សម្តេច បានគូសបញ្ជាក់ថា ជំហររបស់កាតា និងកម្ពុជាលើបញ្ហាអន្តរជាតិ និងតំបន់មិនខុសគ្នាទេ ។ ជាមួយគ្នានេះដែរ សម្តេចបានលើកឡើងថា ទោះបីប្រទេសយើងជាប្រទេសតូចយ៉ាងណាក៏ដោយ យើងត្រូវចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិ។ កម្ពុជា បានចូលរួមក្នុង ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ក្នុង១០ ប្រទេសរហូតមកទល់នឹងពេលបច្ចុប្បន្ន ។

ចំពោះ ការលើកឡើងពីកិច្ចប្រជុំអន្តរជាតិសភារបស់លោកប្រធានសភា សម្តេចបានលើកឡើងថា កម្ពុជា បានរៀបចំសម័យប្រជុំពេញអង្គលើកទី១១នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) កាលពីរសប្តាហ៍កន្លងទៅនេះ និង បានអនុម័តធម្មនុញសន្តិភាពសកលលោក (Universal Peace Charter, UPC) ដែល បើកចំហរសម្រាប់សភាផ្សេងៗទៀត ចូលជាសមាជិក។

សម្តេចបានបន្ថែមថា ក្នុងនាមសភា កាតា លោកប្រធាន អាចផ្តួចផ្តើមគំនិតបង្កើតកិច្ចប្រជុំសភាអាស៊ីមួយ ហើយកម្ពុជា ពេញចិត្តចូលរួមដើម្បីដោះស្រាយបញ្ហាតំបន់ និងសកល។ សម្តេចបានបន្តថា សម្លេងរបស់សភារួមគ្នា អាចរួមសម្លេងជាមួយរាជរដ្ឋាភិបាល នៅអ.ស.ប. ទោះបីជាសម្លេងស្រាល តែប្រសើរជាងមិនបានធ្វើអ្វីទាំងអស់។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក៏បានអញ្ជើញលោកប្រធានសភាកាតា មកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ។

សម្តេចតេជោ និងលោក ប្រធានសភាកាតា ក៏បានផ្លាស់ប្តូរយោបល់គ្នាលើ ស្ថានការណ៍តំបន់ ផងដែរ។

នៅចុងបញ្ចប់ លោក ប្រធានសភាកាតា បានទទួលយកការអញ្ជើញរបស់សម្តេចតេជោ ដោយក្តីរីករាយក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលសមស្រមខាងមុខ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com