ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កាតា សម្លឹងមើលឱកាសវិនិយោគវិស័យកសិកម្មនៅកម្ពុជា
ថ្ងៃទី ៖ 11-12-2024, ដោយ​​ Dara007 , 53 Views
                     
កាតាៈ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃរដ្ឋកាតា បានសម្លឹងមើលឱកាសវិនិយោគវិស័យ កសិកម្មនៅកម្ពុជា បន្ទាប់ពីកម្ពុជាមាន ផលិតផលកសិកម្មច្រើន ដូចជា គ្រាប់ស្វាយចន្ទី ដែលកម្ពុជា ផលិតច្រើនជាងគេនៅក្នុងពិភពលោក ។

ការសម្លឹងមើលឱកាសវិនិយោគវិស័យកសិកម្មនៅកម្ពុជា ធ្វើឡើងក្នុងឱកាស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ លោក សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន់ ប៊ីន ចាសស៊ីម អាល-ថានី (Sheikh Mohammed Bin Abdulrahman Bin Jassim Al-Thani) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃរដ្ឋកាតា នៅវិមានរាជរដ្ឋាភិបាល រាជធានីដូហាកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។

ជាកិច្ចចាប់ផ្តើម លោក នាយករដ្ឋមន្ត្រី បានគោរពនិងស្វាគមន៍ យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅរដ្ឋកាតា ហើយទស្សនកិច្ចរបស់សម្តេចតេជោ នឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។ លោកនាយករដ្ឋមន្ត្រីកាតា បានជម្រាបសម្តេចតេជោថា កាតា ផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់ទំនាក់ទំនងជាមួយប្រទេសជាមិត្តយ៉ាងច្រើន ក្នុងនោះមាន កម្ពុជា និងអាស៊ានផងដែរ។

លោក បានបន្តថា នៅក្នុងទំនាក់ទំនងទ្វេភាគី កាតា សម្លឹងមើលឱកាស សម្រាប់វិនិយោគនៅក្នុងវិស័យកសិកម្មនៅកម្ពុជា។

លោក បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដែល ត្រូវបានចុះហត្ថលេខាចប់សព្វគ្រប់នាពេលខាងមុខ នឹងជំរុញ វិនិយោគទៅកម្ពុជា។

ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រីកាតា បានលើកឡើងថា លោក នឹងចាត់ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និង ថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា(QIA) មកជួបសម្តេច ដើម្បីជំរុញទំ នាក់ទំនងខាងវិស័យពាណិជ្ជកម្ម និងវិនិយោគ។

នាឱកាសនេះ សម្តេចតេជោ មានប្រសាសន៍ថា កម្ពុជា និងកាតា បានបង្កើតទំនាក់ទំនងការទូត នៅឆ្នាំ២០០៨ ហើយសម្តេច មានបំណងមកធ្វើទស្សនកិច្ចនៅរដ្ឋកាតាជាច្រើនដង ក៏ប៉ុន្តែ ត្រូវបានលើកពេលជាបន្តបន្ទាប់។

សម្តេចបានបន្ថែមថា ប្រទេសយើងទាំងពីរ មានសក្តានុពល ច្រើន ដែលប្រើប្រាស់មិនទាន់អស់។ កាតា ជាប្រទេសអ្នកមាន និង គួរវិនិយោគនៅកម្ពុជា ជាពិសេស នៅក្នុងវិស័យកសិ-ឧស្សាហកម្មកែច្នៃ ដើម្បី នាំចេញ។

កម្ពុជាមាន ផលិតផលកសិកម្មច្រើន ដូចជា គ្រាប់ស្វាយចន្ទី ដែលកម្ពុជា ផលិតច្រើនជាងគេនៅក្នុងពិភពលោក តែខ្វះលទ្ធភាពកែច្នៃ និងផលិតផលកសិកម្ម ជាច្រើនទៀត។

សម្តេចបានស្នើ ឯកឧត្តមនាយករដ្ឋមន្ត្រី បញ្ជូនវិនិយោគិន ទៅកម្ពុជាដើម្បីជំរុញការវិនិយោគ និង ពាណិជ្ជកម្ម។ សម្តេច បានគូសបញ្ជាក់ថា កម្ពុជា និងកាតា គួរចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការជំរុញនិងការការពារវិនិយោគទៅវិញទៅមក និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស និង អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតកិច្ចពិគ្រោះ យោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ។

សម្តេចតេជោ បានលើកសរសើរតួនាទីរបស់ កាតា នៅក្នុងតំបន់ និងលើឆាកអន្តរជាតិ ដោយបានបញ្ជាក់ថា កាតាត្រូវបានគេស្គាល់ទូទាំងសកលលោក តាមរយៈ ការចរចាពាណិជ្ជកម្មពិភពលោក Doha Round និង បានរៀបចំគោលនយោបាយមួយ ដែលទទួលបានការទុកចិត្តពីសំណាក់ប្រទេសនានាក្នុងសកលលោក។

សម្តេចតេជោ បានគូសបញ្ជាក់ថា កាតា មានទំនាក់ទំនងជាមួយ អាស៊ាន តាមរយៈការចូលជាភាគីនៃសន្ធិសញ្ញា TAC។ អាស្រ័យហេតុនេះ ការតភ្ជាប់ ផ្លូវអាកាសពីមជ្ឈិមបូព៌ា មកអាស៊ីអាគ្នេយ៍ជាចំណុចខ្លាំងរបស់ កាតា ។

សម្តេច បានអរគុណ Qatar Airways ដែលមានជើង ហោះហើរប្រចាំថ្ងៃមកកម្ពុជា។

ទង្វើនេះ ផ្តល់ផលប្រយោជន៍ដល់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងវិនិយោគិន។

កិច្ចពិភាក្សារបស់សម្តេចតេជោនិងលោកនាយករដ្ឋមន្ត្រីកាតា ក៏បានផ្តោតលើបញ្ហាដែលកំពុងវិវត្តនៅក្នុងសកលលោក ផងដែរ ជាពិសេសសភាពការណ៍ថ្មីៗ ដែលកំពុងកើតមាននៅក្នុងតំបន់ជ្ឈិមបូព៌ា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com