ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្ដមសេនីយ៍ ឈឿន សុចិត្ត មិនបានបរិយាយអំពីមូលហេតុនៃការដកផ្កាយមន្រ្តីរបស់លោកទេ ដោយលោកបញ្ជាក់ប្រាប់ Cam Post នៅរសៀលថ្ងៃអង្គារតាមបណ្ដាញសង្គមថា ឱ្យមើលខ្លឹមសារក្នុងព្រះរាជក្រឹត្យ និងអនុក្រឹត្យដែលបានចែងនៅហ្នឹង ។
យោងតាមព្រះរាជក្រឹត្យ នស/រកត/១១២៤/១៣៩៥ ចុះថ្ងៃទី៤ ខែវិចិ្ឆកា ឆ្នាំ២០២៤ បានត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិ ពី ឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា អត្តលេខ ៦១៧៤៣ នាយនគរបាលថ្នាក់ ឧត្តមសេនីយ៍ ឱ្យមកនៅត្រឹមថ្នាក់ វរសេនីយ៍ឯក ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។ ដោយឡែកសេចក្ដីប្រកាសរបស់រដ្ឋាភិបាលវិញ បានសម្រេចអនុវត្តទណ្ឌកម្មខាងវិន័យចំពោះ ឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា អត្តលេខ ៦១៧៤៣ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាព ដកហូតមុខតំណែង ឱ្យមកជាមន្ត្រី មូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា ។ តែមិនដឹងថា ល្មើសវិន័យរឿងអ្វីនោះទេ ៕