បើតាមលោកស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ «លំផាត់» ជាកូនដំរីញី មានអាយុប្រហែល៥ខែ និងមានទំងន់១៣៨គីឡូក្រាម មានរបួសជើងមុខខាងស្តាំដោយសារអន្ទាក់ ត្រូវបានប្រទះឃើញដោយក្រុមអភិរក្សដែនជំរកសត្វព្រៃលំផាត់នៅក្បែទីស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃលំផាត ខណៈមានឆ្កែមួយក្រុមកំពុងដេញប្រមាញ់។
ក្រុមការងារអភិរក្សដែនជម្រកសត្វព្រៃលំផាត់បានចាប់ឃាត់កូនដំរីនេះថែរក្សា និងបានទំនាក់ទំនងសុំអន្តរាគមន៍អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ដើម្បីជួយព្យាបាល។
ដោយសារកូនដំរីមានរបួសជើងមុខខាងស្តាំធ្ងន់ធ្ងរត្រូវការពេលវេលាព្យាបាលយូរ និងមិនទាន់ចេះស៊ីចំណីបានត្រឹមត្រូវផង គ្រូពេទ្យនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានសហការជាមួយរដ្ឋបាលព្រៃឈើស្នើសុំគោលការណ៍លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទដើម្បីនាំយកកូនដំរីនេះមកសង្គ្រោះព្យាបាល និងថែរក្សានៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ»។
សូមជម្រាបថា «លំផាត់» គឺជាកូនដំរីទី២ហើយ ដែលមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅទទួលមកព្យាបាលនិងថែរក្សា។ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ កូនដំរីញីមួយក្បាល ឈ្មោះ «ចាណាម» ត្រូវបានជួយសង្គ្រោះដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ព្រមទាំងអង្គការជាដៃគូ ក្រោយប្រទះឃើញវង្វេងហ្វូងមេបាជាងមួយសប្តាហ៍នៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
លោកស្រី អ៊ឹម រចនា គូសបញ្ជាក់ថា មកទល់ពេលនេះ កូនដំរី «ចាណាម» មានសុខភាពល្អប្រសើរឡើងវិញហើយ បន្ទាប់ពីបានទទួលការថែទាំយ៉ាងល្អពីមន្ដ្រីជំនាញប្រចាំមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ៕