មហាសន្និបាតនេះមានការចូលរួមពីបណ្តាគណបក្សនយោបាយនៅអាស៊ីជិត៦០ មកពីជាង៤០ ប្រទេស ដើម្បីបើកកិច្ចពិភាក្សាស្តីពីការស្វែងរកសុខសន្តិភាព និងការផ្សះផ្សា ដែលជាប្រធានបទដ៏សំខាន់ឆ្លើយតបនឹងបរិបទតំបន់ និងពិភពលោកដែលកំពុងរួមរិតទៅដោយជម្លោះ។ មហាសន្និបាត ICAPP លើកទី១២ ដែលរៀបចំឡើងនៅកម្ពុជានាពេលនេះ ធ្វើឡើងក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា»។ មហាសន្និបាតនេះ មានគណៈប្រតិភូចូលរួមជាង ២០០ប្រតិភូ មកពី៤២ប្រទេស ហើយមានគណបក្សនយោបាយចូលរួមប្រមាណ ៥៧គណបក្សនយោបាយ និង មានអ្នកសារព័ត៌មានមកពី១១ប្រទេសចូលរួមផងដែរ។ ក្នុងពិធីបើកនេះ មានការថ្លែងសុន្ទរកថាស្វាគមន៍ដោយឯកឧត្តម សួស យ៉ារ៉ា អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ។
ការថ្លែងសុន្ទរកថាដោយលោក ជុង អ៊ីយ៉ុង (CHUNG Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី, ការថ្លែងសុន្ទរកថារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី១២ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ការថ្លែងសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។ ព្រឹត្តិការណ៍មហាសន្និបាត ICAPP ដែលធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកានេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រប្រកបដោយកិត្តិយសដ៏ឧតុង្គឧត្តមមួយទៀតសម្រាប់កម្ពុជា។
ការផ្តល់សេចក្តីទុកចិត្តពី ICAPP ដល់គណបក្សប្រជាជនកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនាពេលនេះ ស្តែងឱ្យឃើញថា បណ្តាគណបក្សនយោបាយទាំងអស់ បានសម្លឹងមើលតួនាទីសំខាន់របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាកម្ពុជាដែលបានរក្សានូវគោលការណ៍គ្រឹះនៃប្រជាធិបតេយ្យ ផ្អែកលើវិធានច្បាប់ និងវិន័យរបស់ខ្លួន ពិសេសកម្ពុជាបានរួមចំណែកក្នុងការងារនានារបស់ ICAPP ក្នុងកិច្ចសហប្រតិបត្តិការរបស់ខ្លួនសំដៅឆ្ពោះទៅរកការកសាងពិភពលោកមួយដែលមានសន្តិភាពផងមានស្ថិរភាពផង និងមានការអភិវឌ្ឍផង។ កម្ពុជាក៏ចូលរួមចំណែកនៅក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខ សហប្រតិបត្តិការ ពហុភាគី ទ្វេភាគី និងសេដ្ឋកិច្ចសង្គម ជាដើម។ កម្ពុជាក៏បានជួយជំរុញឧត្តមគតិដ៏សំខាន់បំផុតរបស់ ICAPP គឺការជួយជំរុញការយោគយល់គ្នាទៅវិញទៅមករវាងគណបក្សនយោបាយនានា។
សូមបញ្ជាក់ថា ICAPP គឺជាវេទិកាគណបក្សនយោបាយនៅអាស៊ី ជួបជុំផ្លាស់ប្តូរទស្សនៈ និងសន្ទនាខាងនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យ និងពហុភាគី ជាពិសេសបង្កើនជំនឿជាក់រវាងគ្នាទៅវិញទៅមក តាមរយៈការយល់គ្នាកាន់តែច្បាស់នៃគណបក្សនយោបាយនានា។ អង្គការនេះ ប្រមូលផ្តុំគណបក្សនយោបាយនានានៅអាស៊ី ដែលមានជាង៣៥០គណបក្ស។ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីតែងតែធ្វើរៀងរាល់ពីរឆ្នាំម្តង។ មហាសន្និបាតនេះ ចាប់ផ្តើមលើកទីដំបូង នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពិន នៅឆ្នាំ២០០០។ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល បានក្លាយទៅជាសមាជិករបស់ ICAPP នៅឆ្នាំ២០០៣។ ក្រោយក្លាយជាសមាជិក ICAPP បាន៧ឆ្នាំ ពោលគឺនៅឆ្នាំ២០១០ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតរបស់ ICAPP ម្តងរួចមកហើយ ក្រោមប្រធានបទ «ស្វែងរកអនាគតកាន់តែប្រសើរសម្រាប់អាស៊ី»។ ឆ្នាំ២០២៤នេះ គឺជាលើកទី២ហើយ សម្រាប់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតរបស់ ICAPP។ ការណ៍នេះ ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ក្លាយជាគណបក្សទី១នៅក្នុងគ្រួសារ ICAPP ដែលទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះចំនួនពីរដង៕