នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រ បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យវឌ្ឍនភាពត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រចជាគោលការណ៍ រៀបចំពិធីបុណ្យសមុទ្រ នៅខេត្តកំពត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង លោក លោកស្រី ថ្នាក់ដឹកនាំអន្តរក្រសួង ស្ថាប័ន ជាអនុប្រធាននិងសមាជិក ព្រមទាំង តំណាងវិស័យឯកជនជាសមាជិក សរុបចំនួន ១៨០នាក់ នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត៕