ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងរ៉ែ និងថាមពលឆ្នាំ២០២៣-២០២៤ និងផ្សព្វផ្សាយទិសដៅ ការងារបន្តសម្រាប់ឆ្នាំ២០២៥ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា បញ្ហាកោះគុត ដែលជាចំណុចត្រួតស៊ីគ្នារវាងព្រំដែនកម្ពុជា-ថៃ រហូតដល់ពេលនេះ ភាគីរដ្ឋាភិបាលកម្ពុជា-ថៃ នៅតែបន្តចរចាគោរពគ្នាទៅវិញទៅមក និងបែងចែកផលសេដ្ឋកិច្ចដែលអាចទទួលយកបាន ។ជាពិសេសរាជរដ្ឋាភិបាលកម្ពុជាធានាលើបូរណភាពទឹកដី និងអធិបតេយ្យជាតិ។
ទន្ទឹមនឹងនេះ សម្ដេចធិបតីបានបញ្ជាក់ថា ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស បានចោទប្រកាន់ថា មានការស៊ុមការលំគ្នារវាងគ្រួសារសម្ដេចហ៊ុន សែន និងលោក ថាក ស៊ីន រឿងកិច្ចការនេះ ។
សម្ដេចធិបតីបានប្រកាសកុំឱ្យអ្នកនយោបាយមួយចំនួនកុំយករឿងនយោបាយទៅភ្ជាប់ជាមួយរឿងបច្ចេកទេស និងយករឿងព្រំដែនទៅធ្វើល្បែងនយោបាយរបស់ខ្លួន ដោយត្រូវធ្វើនយោបាយដោយគិតគូទៅលើផលប្រយោជន៍ជាតិជាធំ ។
ជាមួយគ្នានេះ សម្ដេចធិបតីបានស្នើដល់ប្រទេសជាមិត្ត ជាពិសេសប្រទេសដែលគាំទ្រប្រជាធិបតេយ្យស្របដោយច្បាប់ ជួយប្រាប់ទៅបុគ្គលមួយចំនួនតូច ដែលតែងនិយាយបំផ្លើសការពិត ចង់បង្កចលាចលនៅកម្ពុជា សូមកុំឱ្យធ្វើអ្វីដែលខុសច្បាប់ ដែលបង្កផលប៉ះពាល់ដល់ស្ថេរភាព សុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា៕