ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេចតេជោ ហ៊ុន សែន ព្រមានក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស កុំឱ្យព្យាយាមយកបញ្ហាកោះគុត កម្ពុជា-ថៃ ដើម្បីកេងចំណេញនយោបាយ និងធ្វើឱ្យពលរដ្ឋឱ្យបះបោរ
ថ្ងៃទី ៖ 21-11-2024, ដោយ​​ Dara007 , 54 Views
                     
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន ព្រមានក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស កុំឱ្យព្យាយាមយកបញ្ហាកោះគុត ដែលជាចំណុចត្រួតស៊ីគ្នារវាងព្រំដែនកម្ពុជា-ថៃ ដើម្បីកេងចំណេញនយោបាយ និងធ្វើឱ្យពលរដ្ឋឱ្យបះបោរ ខណៈដែលបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា-ថៃ នៅតែបន្តចរចាមិនទាន់ឯកភាពគ្នានៅឡើយ។

ការព្រមាននេះធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣២ ប្រចាំឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានប្រសាសន៍អំពីបញ្ហាកោះគុត ដែលជាចំណុចត្រួតស៊ីគ្នារវាងព្រំដែនកម្ពុជា-ថៃ ដោយសម្តេចបានបញ្ជាក់ថា រហូតដល់ពេលនេះ ភាគីរដ្ឋាភិបាលកម្ពុជា-ថៃ នៅតែបន្តចរចាគ្នាទ្វេភាគី ដោយមិនទាន់ឯកភាពគ្នានៅឡើយ ។

ជាមួយគ្នានេះ សម្តេចតេជោបានព្រមានទៅក្រុមប្រឆាំងជ្រុលនិយមកម្ពុជាដែលនៅក្រៅប្រទេស កុំឱ្យព្យាយាមយកបញ្ហានេះ កេងចំណេញនយោបាយ ហើយចង់រុញប្រជាពលរដ្ឋឱ្យបះបោរ ។ សម្ដេចតេជោ ហ៊ុន សែន ក៏អំពាវនាវដល់កងទ័ពទាំងជើងទឹក និងជើងគោកទាំងអស់ មិនត្រូវចល័តកម្លាំងទៅតំបន់កោះគុត ក្រោយទទួលព័ត៌មានពីបញ្ហានៅកោះគុតនោះឡើយ។ ក្នុងឱកាសនេះ សម្តេចតេជោបានប្រាប់ទៅក្រុមប្រឆាំងថៃ ឱ្យទុកលទ្ធភាពឱ្យរដ្ឋាភិបាលថៃ ចរចាជាមួយកម្ពុជាដោយសន្តិវិធីផងដែរ។ ទន្ទឹងនឹងនេះ សម្តេចក៏បំផុសថា តើដល់ពេលវេលាដែលត្រូវរៀបចំច្បាប់ ដាក់ក្រុមប្រឆាំងជ្រុលនិយមកម្ពុជាដែលនៅក្រៅប្រទេសជាក្រុមភេរវករឬយ៉ាងណា ដោយសារតែក្រុមនេះចេះតែញុះញង់អុចអាល ឱ្យប្រជាពលរដ្ឋបះបោរ និងរុញបង្កើតជម្លោះជាមួយប្រទេសជិតខាងរហូតមក។ រយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមជ្រុលនិយមមួយចំនួន នៅក្នុងប្រទេសថៃ និងក្រុមជ្រុលនិយមកម្ពុជានៅក្រៅប្រទេស បានបំផុសបំផុលអំពីបញ្ហាកោះគុតឡើងវិញ ដើម្បីធ្វើឱ្យប្រជាជនប្រទេសទាំងពីរ ជាពិសេសអ្នកជាតិនិយម ផ្ទុះជម្លោះទៅវិញទៅមក បង្កបញ្ហាស្មុគស្មាញសម្រាប់រដ្ឋាភិបាលប្រទេសទាំងពីរ។ «នៅក្នុងប្រទេសថៃ ក៏មានក្រុមជ្រុលនិយមមួយក្រុម បង្កើតឡើងរឿងកោះគុត ឥឡូវនៅនៅក្នុងប្រទេសរបស់យើង ត្រូវបានក្រុមនិយមជ្រុលនៅក្រៅប្រទេសអំពាវនាវ ឱ្យធ្វើបាតុកម្ម ដើម្បីទាមទារយកកោះគុត»។

បើតាមសម្តេចតេជោ កាលពីឆ្នាំ១៩៩០ សម្តេច និងសម្តេចពិជ័យសេនា ទៀ បាញ់ ធ្លាប់ទៅទស្សនាកោះគុតរួចហើយ នៅពេលសម្តេចបានចុះហត្ថលេខាបង្កើត ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ FNC នៅទីក្រុងបាងកក។ សម្តេចថ្លែងថា «តំបន់នេះ គឺជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ហើយដែលតំបន់នេះ តាំងពីជំនាន់អតីតនាយករដ្ឋមន្រ្តី ឆាត់ឆៃ ឈុនណាវ៉ាត់ បានចរចាពិភាក្សាជាមួយខ្ញុំព្រះករុណាខ្ញុំ»។ សម្តេចថា អតីតនាយករដ្ឋមន្រ្តីថៃរូបនេះ បានមកជួបសម្តេចនៅផ្ទះរបស់សម្តេចក្រុងតាខ្មៅ ដើម្បីពិភាក្សាអំពីការខួងយកប្រេង នៅតំបន់ត្រួតស៊ីគ្នានេះ ហើយនៅឆ្នាំ២០០១ កម្ពុជា-ថៃ បានបង្កើតនូវអនុស្សារណៈយោគយល់គ្នា។

សម្តេចបន្តថា «រហូតមកដល់ពេលនេះ មានរយៈពេល២៣ឆ្នាំហើយ មិនទាន់បានជជែកគ្នា លម្អិតណាមួយនៅឡើយទេ ដោយសារយើងបង្កើតគណៈកម្មការពីរ គឺមួយបង្កើតគណៈកម្មការទាក់ទងនឹងព្រំដែន និងមួយទៀតអនុគណៈកម្មការ ទទួលបន្ទុកជជែកអំពីការធ្វើអាជីវកម្ម នៅក្នុងតំបន់ត្រួតស៊ីគ្នា»។

សម្តេចបានរំលឹកអំពីស្លាកស្នាមនៃសង្គ្រាមរវាងកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ នៅប្រាសាទតាក្របី កាលពីឆ្នាំ២០០៨ ដែលពេលនោះ គឺមានការរុញច្រានដោយ ក្រុមជ្រុលនិយមថៃ និងកម្ពុជាដូចគ្នា ដែលបានបង្កជាវិនាសកម្ម និងការព្រាត់ប្រាស់យ៉ាងធ្ងន់ធ្ងរ។ សម្តេចបានបញ្ជាក់ថា «ឥឡូវអ្នកជ្រុលនិយមនៅប្រទេសថៃ និងអ្នកជ្រុលនិយមនៅប្រទេសកម្ពុជាដែលជ្រកកោននៅប្រទេសក្រៅ គួរធ្វើរឿងនេះបន្តទៀត ឬក៏ឱ្យមានសេចក្តីសុខជាមួយគ្នាសិន ដោះស្រាយនៅតែដោះស្រាយប៉ុន្តែត្រូវធ្វើដោយការចរចា យើងមិនទាន់អស់លទ្ធភាព នៃការចរចាទ្វេភាគីនៅឡើយទេ»៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com