លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នាទីក្រុងបាគូ ប្រទេសអាសែបៃហ្សង់ បានទទួលជួបជាមួយលោក Kaveh Zahedi ប្រធានការិយាល័យការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ និងបរិស្ថាន (OCB) នៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ។
លោករដ្ឋមន្ត្រីបានលើកឡើងពីកិច្ចសហប្រតិបត្តការជាមួយគ្នាកន្លងមក ដោយអង្គការFAO ជាដៃគូរដ៏ល្អរបស់កម្ពុជា ក្នុងការអនុវត្តការងារប្រែប្រួលអាកាសធាតុ ការស្ដារព្រៃឈើឡើងវិញ និងកសិកម្ម និងស្បៀងអាហារ។ លោករដ្ឋមន្ត្រីបានបង្ហាញថា កម្ពុជាបានរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងវិស័យអាទិភាព ដើម្បីដោះស្រាយបញ្ហាប្រឈមដោយការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ឱ្យមានប្រសិទ្ធភាពផងដែរ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានត្រៀមខ្លួនជាស្រេច ដើម្បីការធ្វើពាណិជ្ជកម្មឥណទានកាបូន ដោយកម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ នូវវិធានប្រតិបត្តិ នៃមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ និងការរៀបចំរបាយការណ៍រួមចំណែកជាតិ NDC3.0។
លោក Kaveh Zahedi បានសាទរជូនចំពោះលោករដ្ឋមន្ត្រីដែលបានដឹកនាំគណៈប្រតិភូមកចូលរួម COP29។
លោកតំណាងអង្គការ FAO បានលើកឡើងពីកិច្ចសហប្រតិបត្តិការនិងការជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងស្វែងរកប្រភពធនធានសម្រាប់ជួយដោះស្រាយ ការប្រែប្រួលអាកាសធាតុនៅកម្រិតសហគមន៍ និងគាំទ្រក្នុងការរៀបចំរបាយការណ៍រួមចំណែកជាតិ NDC3.0 របស់កម្ពុជាផងដែរ៕