ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេចតេជោ ជំរុញទីម័រឡេស្តេ គួរតែពិចារណាលើការវិនិយោគលើវិស័យស្រូវ និងអង្ករនៅកម្ពុជា
ថ្ងៃទី ៖ 19-11-2024, ដោយ​​ Dara007 , 48 Views
                     
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន បានជំរុញទីម័រឡេស្តេ គួរតែពិចារណាលើការវិនិយោគលើវិស័យស្រូវ និងអង្ករនៅកម្ពុជា ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ និងសន្តិសុខស្បៀង សម្រាប់ទីម័រឡេស្តេ ។

ក្នុងឱកាសអនុញ្ញាតឱ្យ លោក អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូត  វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ (ទីម័រខាងកើត) ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងមានមោទនភាពចំពោះការរីកចម្រើនលើគ្រប់វិស័យនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជានិងទីម័រឡេស្តេ ដោយទំហំពាណិជ្ជកម្មក៏បានកើនឡើង ពិសេសអរគុណទីម័រឡេស្តេដែលបាននាំអង្ករពីកម្ពុជា ចំនួន ៤ពាន់តោននៅឆ្នាំ២០២៤នេះ។

សម្ដេចតេជោ បានផ្ដល់ជាអនុសាសន៍ថា ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ និងសន្តិសុខស្បៀង សម្រាប់ទីម័រឡេស្តេ ទីម័រឡេស្តេ គួរតែពិចារណាលើការវិនិយោគទុននៅកម្ពុជាដោយបង្កើតឃ្លាំងស្តុកម៉ាស៊ីនកិនស្រូវ និងបណ្ដាញទិញស្រូវអង្ករយកមកកិនហើយនាំទៅកាន់ប្រទេសទីម័រឡេស្តេ រួមទាំងផលិតផលកសិកម្មផ្សេងៗ ដើម្បីផ្ដល់ក្នុងវិស័យចិញ្ចឹមសត្វផងដែរ។

សម្ដេចតេជោ ក៏បានមានប្រសាសន៍ផងដែរថាយើងមានលទ្ធភាពបំពេញឱ្យគ្នាទៅវិញទៅមក ដោយទីម័រឡេស្តេមានសមត្ថភាពនិងបទពិសោធន៍ក្នុងការគ្រប់គ្រងថាមពល ហើយកម្ពុជាមានស្បៀងដែលយើងនឹងអាចផ្លាស់ប្ដូរបទពិសោធន៍ធ្វើអាជីវកម្មជាមួយគ្នា ហើយកម្ពុជាត្រូវការរៀនសូត្រពីទីម័រឡេស្តេនូវការគ្រប់គ្រងធនធានប្រេង ដោយកម្ពុជានៅមិនទាន់បានវិនិយោគឬក៏យកផលប្រយោជន៍ពីធនធានប្រេងដែលមាននៅក្នុងដែនសមុទ្រ និងដែនដីគោកនៅឡើយទេ។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានជំរុញឱ្យទីម័រឡេស្តេ បន្តធ្វើការជាមួយសមាជិកអាស៊ានផ្សេងៗទៀត ដើម្បីអាចពន្លឿនដំណើរការក្នុងការចូលជាសមាជិកពេញសិទ្ធិនៅពេលឆាប់ៗខាងមុខនេះ។ សម្តេច មានសុទិដ្ឋិនិយមក្នុងការចូលរួមរបស់ទីម័រឡេស្តនៅក្នុងអាស៊ាន ហើយទីម័រឡេស្តេផ្ទាល់ក៏ត្រូវត្រៀមលក្ខណៈជាប្រធានអាស៊ាននៅពេលណាមួយខាងមុខ រួមទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យបានសមរម្យតាមតម្រូវការផងដែរ។

លោកឯកអគ្គរដ្ឋទូត  បានសម្ដែងការដឹងគុណនិងកោតសរសើរចំពោះការដឹកនាំរបស់ សម្ដេចតេជោ ក្នុងការនាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ ប្រជាជនមានការងារធ្វើ មានជីវភាពរីកចម្រើន មានលំនៅឋានរស់នៅសមរម្យ និងកាន់ប្រសើរឡើងជាលំដាប់។

លោកឯកអគ្គរដ្ឋទូត ក៏បានចាត់ទុកថា សម្ដេចតេជោគឺមិនមែនតែជាមេដឹកនាំសម្រាប់កម្ពុជានោះទេ ក៏ប៉ុន្តែ សម្ដេចតេជោក៏ជាមេដឹកនាំសម្រាប់តំបន់និងពិភពលោកផងដែរ។

លោក បានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ដោយមានការអភិវឌ្ឍនិងមានវឌ្ឍនភាពលើគ្រប់វិស័យ ហើយឯកឧត្តមបានធ្វើដំណើរទៅខេត្តចំនួន១៩ ដោយក្នុងនោះ លោកក៏ធ្លាប់បានធ្វើដំណើរតាមរ៉ឺម៉កកង់៣ គឺបានដឹងពីការរស់នៅយ៉ាងល្អប្រសើរពិតប្រាកដរបស់ប្រជាជនកម្ពុជា។

លោកឯកអគ្គរដ្ឋទូត បានកោតសរសើរនូវសមិទ្ធផលយ៉ាងត្រចះត្រចង់គួរជាទីមោទនៈ ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២កន្លងទៅ ជាពិសេសគឺការជួយជ្រោមជ្រែងរបស់កម្ពុជា ក៏ដូចជាការជួយសម្របសម្រួលជាមួយប្រទេសជាសមាជិក៩ផ្សេងទៀតនៅក្នុងអាស៊ាន ដើម្បីអាចទទួលយកទីម័រឡេស្តជាសមាជិក បន្ទាប់ពីបានដាក់សំណើអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

លោក ក៏បានរំលឹកផងដែរថាប្រជាជនទីម័រឡេស្តេនិងថ្នាក់ដឹកនាំទីម័រឡេស្តេ ជាពិសេសប្រធានាធិបតី គឺតែងតែលើកឡើងពីមោទនភាពចំពោះសម្ដេចតេជោ និងបាននិយាយពីការងើបឡើងខាងសេដ្ឋកិច្ចរបស់កម្ពុជាដែលមានការរីកមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃ។

ជាមួយគ្នានេះ  លោកឯកអគ្គរដ្ឋទូត បានពាំនាំនូវការអញ្ជើញពី ឯកឧត្តមប្រធានាធិបតីទីម័រឡេស្តេ ជូនសម្ដេចតេជោ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងទទួលមេដាយថ្នាក់ខ្ពស់បំផុតទីម័រឡេស្តេ នាពេលខាងមុខ ដើម្បីជាការអរគុណនិងដឹងគុណចំពោះ សម្តេច ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងនិងរក្សាសន្តិភាព នៅក្នុងតំបន់ ក៏ដូចជាជួយដល់ប្រទេសរបស់ឯកឧត្តមកន្លងមក៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com