ការអះអាងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) ដែលធ្វើឡើងនារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ Raffles Grand Hotel d'Angkor ខេត្តសៀមរាបមានប្រសាសន៍ថា ក្នុងនាមជាប្រទេសតូចមួយ មហិច្ឆតារបស់កម្ពុជាពុំស្ថិតលើកម្លាំងយោធាទេ ប៉ុន្តែផ្ដោតទៅលើការកសាងសន្តិភាព ហើយកម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ដោយអនុលោមតាមច្បាប់អន្តរជាតិ។
កម្ពុជាក្នុងនាមជាប្រទេសតូចមួយ ប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ដោយអនុលោមតាមច្បាប់អន្តរជាតិ ដែលក្នុងនោះទាមទារឱ្យយើងខិតខំពង្រឹងភាពធន់របស់ខ្លួន ក្នុងផ្នែកសន្តិសុខនយោបាយ សង្គមសេដ្ឋកិច្ច និងវប្បធម៌។ ប្រទេសកម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីរួមចំណែកដល់សន្តិភាពនៅទូទាំងតំបន់។
សម្ដេចធិបតីបានបញ្ជាក់ថា កម្ពុជាបានរងគ្រោះអស់ជាច្រើនទសវត្សរ៍ក្នុងសង្គ្រាមស៊ីវិល ប៉ុន្តែកម្ពុជាបានគ្រប់គ្រងនិងស្តារសន្ដិភាពពេញលេញឡើងវិញ ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ និងទទួលបានវិបុលភាពរហូតមកដល់បច្ចុប្បន្ន តាមរយៈការធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ច និងសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោក៕