លោកស្រី ឈិន សារុន ជាប្រជាពលរដ្ឋមកពីខេត្តព្រៃវែង ប្រាប់វិទ្យុជាតិកម្ពុជានៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២៤នេះបានថ្លែងអរគុណចំពោះអាជ្ញាធរពាក់ព័ន្ធដែលបានដាក់ពង្រាយបង្គន់អនាម័យជាច្រើនកន្លែង តាមគោលដៅនានាក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រើប្រាស់បានងាយស្រួល មិនពិបាកទៅបន្ទោបង់ពាសវាលពាលកាល ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងធានាបានសុវត្ថិភាពផងដែរ ។ ជាមួយគ្នានេះ លោកស្រីបានអំពាវនាវឱ្យប្រជាពលរដ្ឋសូមជួយថែរក្សាអនាម័យបរិស្ថានឱ្យបានស្អាត ដើម្បីទប់ស្កាត់ការក្លិនឆ្អេះស្អុយ និងងាយស្រួលក្នុងការបន្ទោបង់។
ស្រដៀងគ្នានេះដែរ លោកវង់ សុរិទ្ធ ពលរដ្ឋមកពីខេត្ដក្រចេះ បានឱ្យដឹងដែរថា ការដាក់ឱ្យប្រើប្រាស់បង្គន់អនាម័យច្រើនក្នុងព្រះរាជពិធីបុណ្យអុំទូកបែបនេះ គឺជាការចូលរួមថែរក្សាអនាម័យសុខភាពសាធារណៈ និងសោភ័ណភាពរាជធានីភ្នំពេញ អាចទាក់ទាញភ្ញៀវទេសចរឱ្យមកលេងព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំក្រោយៗទៀត។
សម្រាប់ព្រះរាជពិធីបុណ្យ អុំទូកឆ្នាំ២០២៤នេះ សាលារាជធានីភ្នំពេញ បានសាងសង់ បង្គន់អនាម័យ និងបន្ទប់ទឹក ព្រមទាំង ពង្រាយបង្គន់អនាម័យ និងបន្ទប់ ទឹក ចល័តសរុបជាង៦០០បន្ទប់ ដើម្បីបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ ។ ក្នុងនោះ ការងាររៀបចំបង្គន់ និងបន្ទប់ទឹកមាន បង្គន់ថ្មចំនួន១២ទីតាំងស្មើនឹង១៤៦បន្ទប់ (មានស្រាប់តាមសួន) បង្គន់ចល័ត១០០បន្ទប់ (ចាប់ពីមុខផ្សាររាត្រីដល់សួនសម្តេចតេជោ បង្គន់ស័ង្កសីជីកមាន៣០០បន្ទប់ (កីឡាករអុំទូក) បន្ទប់ទឹកស័ង្កសីមាន១០០បន្ទប់ (កីឡាករអុំទូក) ៕