សម្ដេចធិបតីបានប្រកាសស្វាគមន៍ និងផ្តល់ឱកាសឱ្យលោកតា ជេម សុខ អ្នកវិភាគនៅក្រៅប្រទេសអាចមកស្រុកខ្មែរបានដើម្បីជួបផ្ទាល់ ជាមួយរដ្ឋមន្ត្រីតាមក្រសួងស្ថាប័ននានា ដើម្បីស្ដាប់ឱ្យដឹងថា តើរយៈពេលជាង១៥ខែកន្លងមករដ្ឋមន្ត្រីនីមួយៗបានធ្វើអ្វីខ្លះ។ ជាមួយគ្នានេះ សម្ដេចធិបតីបានប្រកាសចេញលុយឱ្យលោកតា ជេម សុខ ដើរមើលការអភិវឌ្ឍនិងសមិទ្ធផលជាក់ស្ដែងនៅកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដាំទៅអ្នកវិភាគនៅក្រៅប្រទេស គឺលោក ជេម សុខ សូមកុំវិភាគតាមបែបស៊ីអារម្មណ៍ សូមវិភាគលើបញ្ហាណាមួយតាមបែបវិទ្យាសាស្ត្រ។
សម្ដេចមធិបតីបានប្រកាសទទួលយកគំនិតទស្សនៈដែលកើតចេញពីការវិភាគបែបវិទ្យាសាស្ត្រ ដោយមានការប្រមូលទិន្នន័យតាមបែបវិទ្យាសាស្ត្រច្បាស់លាស់ ដើម្បីបញ្ជៀសការយល់ច្រឡំ ឬ ភាពអយុត្តិធម៌ណាមួយទៅលើស្ថាប័ន ឬ បុគ្គលជាអ្នកទទួលខុសត្រូវលើការ ងារណាមួយ។
សូមបញ្ជាក់ថា សមិទ្ធផលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងរយៈពេល១ឆ្នាំ»កន្លងមកនេះ ដើម្បីធានាឱ្យបានកំណើនសេដ្ឋកិច្ច, បង្កើតការងារឱ្យបានកាន់តែច្រើន, សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ, បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និងធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ទន្ទឹមនេះរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តជាក់ស្តែងនូវគោលនយោបាយអាទិភាពគន្លឹះ ចំនួន៥ គឺ ផ្តោតមុខព្រួញទៅលើការអភិវឌ្ឍធនធានមនុស្ស, ការអភិវឌ្ឍផ្លូវគមនាគមន៍, ពង្រីកបណ្តាញផ្គត់ផ្គង់ទឹកនិង ភ្លើង ព្រមទាំងបំពាក់បំប៉នបច្ចេកវិទ្យា។ បន្ថែមពីនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានប្រែក្លាយកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឱ្យទៅជាសកម្មភាពជាក់ស្តែង ដោយបានផ្តល់អោយប្រជាជនខ្មែរជាង៧លាននាក់មានប័ណ្ណសមធម៌និងប័ណ្ណប.ស.ស. ដែលអាចទទួលបានសេវាព្យាបាលជំងឺដោយឥតគិតថ្លៃ។ យុវជនជាង៥ម៉ឺននាក់បានចូលរៀនដោយឥតបង់ថ្លៃ ក្នុងគម្រោងទទួល១លាន៥សែននាក់។ បានឧបត្ថម្ភដល់គ្រួសារក្រីក្រ ជនពិការភាព ជាង៥ម៉ឺនគ្រួសារនិងផ្តល់មន្ត្រីជំនាញកសិកម្មចុះជួយកសិករបានជាង១១ម៉ឺននាក់ក្នុងគោលដៅបង្កើតសហគមកសិកម្មទំនើប។ ជាមួយគ្នានេះ ក៏បានជួយដល់ប្រជាពលនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយជួយអាជីវកម្មតាមរូបភាពបណ្តុះបណ្តាលជំនាញអាជីវកម្មនិងផ្តល់ប័ណ្ណប.ស.ស.ផងដែរ៕