ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា ព្រមទាំងបានបង្ហាញជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀត។ ជាមួយគ្នានោះ លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្តេចបវរធិបតីអំពីសកម្មភាពវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១២មក លើវិស័យកសិកម្ម ដោយផ្ដោតលើដំណាំដំឡូងមី និងស្វាយចន្ទី ហើយក្រុមហ៊ុនមានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងគ្រាប់ស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។
ជាការឆ្លើយតប សម្តេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានបោះទុនវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានសម្ដែងនូវការស្វាគមន៍ និងលើកទឹកចិត្តចំពោះបំណងបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដោយសម្ដេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលចង់ឃើញក្រុមហ៊ុនវិនិយោគ មានទាំងលើការដាំដុះ ការកែច្នៃ និងការនាំចេញដោយផ្ទាល់ពីប្រទេសកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារដទៃទៀតក្នុងពិភពលោក។
សម្តេចបវរធិបតី បានគូសបញ្ជាក់ទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តផ្ដល់អាទិភាព និងលើកទឹកចិត្តចំពោះការវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ។
សម្ដេចបវរធិបតី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបន្តធ្វើការជាមួយនឹងក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីទទួលបាននូវការលើកទឹកចិត្តបន្ថែមទៀត៕