ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី សំណេះ សំណាល និងពិសាភោជនាហារសាមគ្គីជាមួយក្រុមកីឡាបាល់ទាត់ និងប្រដាល់គុនខ្មែរ នៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជំរុញឱ្យឧកញ៉ា ថៅកែ និងឧបនាយករដ្ឋមន្រ្តី ឱ្យជួយតាមក្លឹបប្រដាល់ខ្មែរទាំងអស់គ្នា ដើម្បីបង្កើតក្លឹបគុនខ្មែរឱ្យបានគ្រប់រាជធានីខេត្ដ ដើម្បីពង្រឹងគុនខ្មែរ។ ពិសេស ទប់ស្កាត់ការហាត់គុនខ្មែរមានការបោះបង់ការសិក្សា។
សម្តេចតេជោ បានបញ្ជាក់ថា ការបង្កើតក្លឹបគុនខ្មែរឱ្យបានគ្រប់រាជធានីខេត្ដនេះ ដើម្បីបណ្ដុះអ្នកបន្ដវេនកីឡាប្រដាល់ ហើយការបណ្ដុះមិនតែនៅភ្នំពេញបានទេ ព្រោះយុវជនត្រូវការសិក្សា។ «ខ្ញុំសូមស្នើអញ្ចេះ ឧទាហរណ៍ថា ក្រុមហ៊ុនមួួយជួយ១ក្លឹប ឬឧកញ៉ាម្នាក់ជួយមួយក្លឹប ឬឧបនាយករដ្ឋមន្រ្តីម្នាក់ជួយមួយក្លឹប ខ្ញុំគិតថា ធ្វើទៅរួច យើងអាចធ្វើកិច្ចការងារនេះបានដើម្បីធានាថា កីឡារបស់យើង។ ក្មួយៗយុវជនរបស់យើងកុំបោះបង់ចោលការសិក្សា អីចឹងវិធីតែមួយគត់គឺយើងពង្រឹងក្លឹបដែលមាន ហើយប្រាក់បានជាង១ពាន់លាននេះ ជាប្រាក់ដែលកូនខ្មែរ នឹងជួយយកទៅពង្រឹងតាមក្លិប ប៉ុន្តែគ្មាននិរន្តរភាពទេ នេះគ្រាន់តែជាការទាត់បាល់ដើម្បីទទួលបានប្រាក់ចំណូល ហើយប្រាក់យកទៅឧបត្ថម្ភម្តងម្កាល ប៉ុន្តែបើមានក្រុមហ៊ុនណាមួយ ដូចជាក្រុមហ៊ុនជីបម៉ុងជាដើម ទៅជួយដល់ក្លឹបណាមួយនៅឯខេត្តបាត់ដំបង ឬខេត្តណាមួយតាមដែលចិត្តចង់ គឺវាធានានិរន្តរភាព។ ខ្ញុំឧទាហរណ៍ចំឈ្មោះនូវក្រុមហ៊ុនឯកជនទាំងនោះ មានដូចជា ក្រុមហ៊ុនជីបម៉ុង ក្រុមហ៊ុន ប៉េង ហួតជាដើម ហើយសម្តេចបានបញ្ជាក់ទៀតថា បើសិនជាមានឧបនាយករដ្ឋមន្រ្តី ជួយឧបត្ថម្ភមួយក្លិបនោះនឹងកាន់តែល្អប្រសើរថែមទៀត»។
សម្តេចតេជោសង្ឃឹមថា តាមរយៈវិធីសាស្ត្របែបនេះ កម្ពុជានឹងអាចធ្វើបាន ហើយក្នុងមួយខែៗ ការឧបត្ថម្ភបែបនេះ ក៏មិនមែនជាចំណាយដែលធំនោះដែរ។ ជាមួយគ្នានេះ សម្ដេចតេជោកំពុងសិក្សាក្នុងស្រុកណាមិនមានកីឡាករកីឡាការនី ដោយស្រុកនៅខេត្ដកំពង់ចាម ដែលកន្លែងខ្លះមាន និងកន្លែងខ្លះគ្មានតែម្ដង៕