ក្នុងពិធីបើកការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ ក្រោមបុព្វបទ “ កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ ” សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការរៀបចំកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នាពេលនេះ គឺការរួមចំណែកជួយដល់ការពង្រឹងសមត្ថភាពកីឡារបស់កម្ពុជា និងការត្រៀមខ្លួនរួចរាល់ ធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីនៅឆ្នាំ២០២៩ខាងមុខ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការរៀបចំការប្រកួតកីឡា យុវជនអាស៊ីនៅឆ្នាំ២០២៩ខាងមុខ អាចសម្រេចទៅបានអាស្រ័យលើសមត្ថភាពពេញលេញ និងការកៀរគរធនធាន ជាមួយនឹងការមើលឃើញពីការរីកចម្រើនខាងផ្នែកកីឡា ក៏ដូចជាការអភិវឌ្ឍ និងសន្តិភាពរបស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាមានមហិច្ឆតារៀបចំទទួលស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិ ប្រកបដោយភាពកក់ក្តៅបដិសណ្ឋាកិច្ចល្អ និងសេវាល្អ សម្រាប់គ្រប់ប្រតិភូកីឡា និងភ្ញៀវជាតិនិងអន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ល្អបំផុត ក្នុងការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩ នៅព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Asian Youth Games (AYG) គឺជាព្រឹត្តិការណ៍ពហុកីឡាដែលត្រូវបានរៀបចំឡើងដោយក្រុ មប្រឹក្សាអូឡាំពិកអាស៊ី (OCA) រៀងរាល់បួនឆ្នាំម្តង។ ដោយមានការចូលរួមក្នុងចំណោមអត្តពលិកជិត ៣,០០០នាក់មកពី ៤៥ ប្រទេស នឹងចូលរួមប្រកួតប្រជែងក្នុងប្រភេទកីឡាចំនួន១៨៕