ថ្លែងក្នុងពិធីចុះ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងធន ធាន ទឹក និង ឧតុនិយម និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្ដីពីកិច្ចសហប្រតិបត្ដិការលើការ អភិវឌ្ឍនធនធានមនុស្ស នៅ ព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៤ នេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោក ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយមបានមានប្រសាសន៍ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងបង្កើន និងពង្រឹង កិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យធនធានទឹក និងឧតុនិយម តាមរយៈការបណ្ដុះបណ្តាល ការកសាងសមត្ថភាព ការផ្លាស់ប្ដូរព័ត៌មាននិងបទពិសោធន៍ និង ការសិក្សាស្រាវជ្រាវ ព្រមទាំង ចូលរួម អនុវត្ត គម្រោង និង សកម្មភាពរួមគ្នា ដែលនឹងជួយគាំទ្រគ្នាទៅវិញទៅមក ក្នុង ការ លើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យនេះ ។
លោកបន្ដថា វិស័យធនធានទឹក និងឧតុនិយម បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការអនុវត្តនូវ អាទិភាពគន្លឹះទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាគឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ក្រោម ការ ដឹកនាំ ប្រកប ដោយភាព ឈ្លាសវៃ និង ប៉ិនប្រសប់ របស់ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ។
លោក រដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្នុងបរិបទបច្ចុប្បន្ន វិស័យធនធានទឹក និងឧតុនិយម បាននិងកំពុងបម្រើយ៉ាងសកម្មដល់វិស័យកសិកម្ម និងវិស័យដែលពាក់ព័ន្ធដទៃទៀត មានជាអាទិ៍ ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ កិច្ចគាំពារបរិស្ថាន ការដឹកជញ្ជូន រ៉ែនិងថាមពល អភិវឌ្ឍន៍ជនបទ ឧស្សាហកម្ម ទេសចរណ៍ ការគ្រប់គ្រងគ្រោះមហន្តរាយ ។ល។ ហើយ ដែលទាមទារឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធចូលរួម សហការ និងគាំទ្រ។
ជាមួយគ្នានេះដែរ លោក រដ្ឋមន្ត្រី បានបង្ហាញនូវជំនឿ យ៉ាងមុតមាំ ថា តាមរយៈក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ នេះ ក្រសួង-ស្ថាប័នទាំងពីរនឹងបង្កើនការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និង បទពិសោធន៍ និងការសិក្សាស្រាវជ្រាវ លើការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍបច្ចេកវិទ្យាទំនើបៗ និងជំរុញអ្នកជំនាញជំនាន់ថ្មីកាន់តែច្រើន៕