ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជា-ឥណ្ឌូនេស៊ី ជំរុញការតភ្ជាប់វិនិយោគិន និងជំរុញវិស័យទេសចរណ៍
ថ្ងៃទី ៖ 20-10-2024, ដោយ​​ Dara007 , 44 Views
                     
ភ្នំពេញៈ កម្ពុជា-ឥណ្ឌូនេស៊ី ជំរុញការតភ្ជាប់វិនិយោគិន និងវិនិយោគិន ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការជំរុញវិស័យទេសចរណ៍ ពិសេសការជំរុញការតភ្ជាប់ឱ្យកាន់តែប្រសើរ និងសម្បូរណ៍បែប ពីគោលដៅទេសចរណ៍សំខាន់ៗរវាងកម្ពុជា និងឥណ្ឌូនេស៊ី។

នាល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកបណ្ឌិត Mohd Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល អាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ ក្នុងឱកាសនៃជំនួប សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានអង្គការ CAPDI ព្រមទាំងបាននាំយកនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាមិត្តចាស់របស់លោកជាយូរណាស់មកហើយ។

សម្ដេចបវរធិបតីបានអញ្ជើញ លោកប្រធានអង្គការ ចូលរួមក្នុង «មហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ICAPP» នៅខែវិច្ឆិកា ខាងមុខនេះ ខណៈដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទនេះ និងបានអញ្ជើញលោកចូលរួមរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ស្របពេលដំណាលគ្នានៃសន្និសីទ្ធនេះផងដែរ។

ទន្ទឹមនឹងនោះ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ជូនលោកប្រធានអង្គការ CAPDI អំពីតួនាទីដ៏មានសារៈសំខាន់ និងមិនអាចកាត់ថ្លៃបានរបស់ឥណ្ឌូនេស៊ី ក្នុងការស្វែងរកសុខសន្ដិភាព ស្ថិរភាព និងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា នៅក្នុងទសវត្សឆ្នាំ១៩៨០ និង១៩៩០ផងដែរ។

សម្ដេចបវរធិបតី និងលោកប្រធានអង្គការ CAPDI មានសុទិដ្ឋិនិយមចំពោះវឌ្ឍនភាពនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ឥណ្ឌូនេស៊ី និងបានពិភាក្សាអំពីការជំរុញ និងបង្កើតឱ្យមានយន្តការទំនាក់ទំនងនៅគ្រប់កម្រិត គ្រប់វិស័យ ទាំងក្នុងក្របខ័ណ្ឌផ្លូវការ និងក្រៅផ្លូវការ, ក្របខ័ណ្ឌរដ្ឋាភិបាល និងរដ្ឋាភិបាល, វិស័យឯកជន និងវិស័យឯកជន, គណបក្សនិងគណបក្ស ដែលនេះជាកត្តារួមចំណែកដល់ភាពរឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សម្ដេចបវរធិបតី និងលោកប្រធានអង្គការ CAPDI ក៏បានពិភាក្សាអំពីការជំរុញការតភ្ជាប់ប្រទេសទាំងពីរ តាមរយៈទំនាក់ទំនងរវាងវិនិយោគិន និងវិនិយោគិន ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការជំរុញវិស័យទេសចរណ៍ ពិសេសការជំរុញការតភ្ជាប់ឱ្យកាន់តែប្រសើរ និងសម្បូរណ៍បែប ពីគោលដៅទេសចរណ៍សំខាន់ៗរវាងកម្ពុជា និងឥណ្ឌូនេស៊ី។

បន្ថែមលើនោះ សម្តេចបវរធិបតី និងលោកប្រធាន CAPDI ក៏បានផ្លាស់ប្ដូរទស្សនទានអំពីបញ្ហាតំបន់ និងអន្តរជាតិ ដោយផ្ដោតលើ ការកសាងសុខសន្ដិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ សំដៅធានាបាននូវការអភិវឌ្ឍរីកចម្រើន និងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com