បន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បញ្ជាឱ្យរុះរើក្បាលម៉ាស៊ីននៅក្នុងពន្ធនាគារ ម១ ហើយនោះ លោក ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសតែងតាំងលោក នុត សវនា ឱ្យទទួលបន្ទុកជាប្រធានមណ្ឌលអប់រំកែប្រែទី១ បន្ថែមលើមុខតំណែងបច្ចុប្បន្ន។ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា មានមុខតំណែងបច្ចុប្បន្នជា អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ និងជាអ្នកនាំពាក្យ អគ្គនាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃ ។
អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ និងជាអ្នកនាំពាក្យ ហើយក៍ប្រធានមណ្ឌលអប់រំកែប្រែទី១ លោក នុត សវនា នៅថ្ងៃព្រហស្បតិ៍នេះ បានប្រាប់សារព័ត៌មាន Cam Post ថា លោកនឹងរៀបក្នុងពន្ធនាគារឡើងវិញ ពិសេសបញ្ហាផ្ទៃក្នុង ។ លោកថា រឿងនេះកើតឡើងកាលពីខែកុម្ភៈ អំឡុងចូលឆ្នាំចិន។ «ក្នុងពន្ធនាគារគឺកន្លែងឃុំខ្លួន កន្លែងកែប្រែ មិនមែនជាកន្លែងផឹកស៊ីរាំច្រៀងទេ» ។
បើតាម លោក នុត សវនា រឿងអវិជ្ជមានក្នុងពន្ធនាគារ ម១ ជាជំងឺរាំរៃយូរហើយ ពេលនេះដល់ពេលយើងបោសសម្អាតនិងដោះដូរមនុស្សហើយ ។ លោកបន្ថែមថា ប្រសិនថ្នាក់លើរកឃើញមន្រ្តីណាខ្លះពុករលួយពាក់ព័ន្ធរឿងនេះអាចប្រឈមទោសទណ្ឌផ្សេងៗ ។
សូមបញ្ជាក់ថា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៣០ ថ្ងៃបង្កើតកងពលតូចលេខ៧០ ដើម្បីបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ដល់កងទ័ព និងជាកិត្តិយសដ៏ធំធេងបំផុតរបស់កងពលតូចលេខ៧០ ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល នៅព្រឹកថ្ងៃទី១៥ខែតុលា នាយករដ្ឋមន្រ្ដី បានបញ្ជាឱ្យពិនិត្យមើលការបែកធ្លាយវីដេអូជនល្មើសនៅជាប់ពន្ធនាគារ"ម១"រាំច្រៀង ប្រើសប្រាស់គ្រឿងញៀន និងមានស្រីស្នេហ៍ចូលដេកដល់ក្នុងពន្ធនាគារ បន្ទាប់ពីមានការបង្ហោះនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ។
សម្ដេចធិបតីបានបញ្ជាក់ថា ការធ្វើកំណែទម្រង់ និងពង្រឹងពន្ធធានាការនៅ"ម១"នេះ គឺពន្ធនាគារ នឹងត្រូវផ្លាស់ប្ដូរក្បាលម៉ាស៊ីននដឹកនាំ ដើម្បីឲ្យមានប្រសិទ្ធភាពការងារនៅក្នុងស្ថាប័ន។
គួររម្លឹកថា កាលពីពេលថ្មី មានករណីបង្ហោះ និងចែកចាយវីដេអូឃ្លីបពីសកម្មភាពផឹកស៊ី និងរាំលេង ច្រៀង យ៉ាងសប្បាយ របស់ជនជាប់ឃុំជាជនជាតិចិន និងខ្មែរមួយចំនួនពិសេសជាងនេះបានប្រើប្រាស់ថ្នាំញៀនពេញទំហឹង ថែមទាំងអនុញ្ញាតិ ផ្តល់ឱកាសឲ្យសង្សាឬស្រីស្នេហ៍របស់ជនល្មើសបានជួបគ្នានៅខាងក្នុងបន្ទប់ពន្ធនាគារ អគារឃុំខ្លួន(ទ)ទៀតផង ដោយអះអាងថាកើតឡើងនៅមណ្ឌលអប់រំកែប្រែទី១៕