ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងកាត់បន្ថយជាអតិបរមា គឺមានសកម្មភាពសំខាន់ៗចំនួន៥ចំណុច
ថ្ងៃទី ៖ 14-10-2024, ដោយ​​ Dara007 , 51 Views
                     
ភ្នំពេញៈ នាយករដ្ឋមន្រ្ដីថ្លែងថា ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងកាត់បន្ថយជាអតិបរមា គឺមានសកម្មភាពសំខាន់ៗចំនួន៥ចំណុច ដើម្បីសម្រេចឱ្យបាននូវមហិច្ឆតាប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ថ្លែងក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះផលវិបាក និងការប្រឈម ហើយរាជរដ្ឋាភិបាលអណ្ណតទី៧នេះ បានដាក់ចេញនូវបន្ទាត់យុទ្ធសាស្រ្ដ និងគោលនយោបាយ យុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីបន្តជំរុញការអភិវឌ្ឍ ឲ្យបានជោគជ័យ។ ក្នុងនោះខ្ញុំសូមគូសរំលេចសកម្មភាពសំខាន់ៗ មួយចំនួនរួមមាន៖ ទី១៖ ការជំរុញការអភិវឌ្ឍវិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មមុខទំនិញនាំចេញបន្ថែមទៀត ក្រៅពីសំលៀកបំពាក់ និង អង្ករ, តួយ៉ាងដូចជា ផលិតផលធ្វើដំណើរ, គ្រឿងអេឡិចត្រូនិក, បន្ទះសូឡា, កង់, និង ផលិតផលកសិកម្មផ្សេងទៀត ដូចជាកៅស៊ូ, គ្រាប់ស្វាយចន្ទី, ចេក, និង ស្វាយ។ បន្ថែមលើនេះ, រាជរដ្ឋាភិបាលក៏បន្តផ្ដល់ការលើក ទឹកចិត្តផ្នែកពន្ធដារ ដល់សហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុក ឬ នាំចេញស្រូវ, អង្ករ, ពោត, សណ្ដែក, ម្រេច, ដំឡូងមី, គ្រាប់ស្វាយចន្ទី, ជ័រកៅស៊ូ, មៀនប៉ៃលិន, ស្វាយ, វារីវប្បកម្ម, ការចិញ្ចឹមសត្វ, និង ផលិតផលដូងប្រេងផងដែរ ដើម្បីលើកកម្ពស់ផលិតកម្មសម្រាប់តម្រូវការក្នុង ស្រុក និង ជំរុញការនាំចេញផលិតផលទាំងនោះ ដែលមានតម្លៃបន្ថែមកាន់តែខ្ពស់ ជាប្រយោជន៍ ដល់កសិករ និង វិនិយោគិន។ ទី២៖ ការអនុវត្តអភិក្រម «ពង្រឹងទីផ្សារចាស់-ពង្រីកទីផ្សារថ្មី»។ រាជរដ្ឋាភិបាលបានបន្ត លើកកម្ពស់ការអនុវត្ត និងការប្រើប្រាស់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ក្នុងកម្រិតទ្វេភាគី, តំបន់, និង ពហុភាគី ដែលមានសម្រាប់ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-សាធារណរដ្ឋកូរ៉េ, កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយតំបន់ (RCEP)។ រាជរដ្ឋាភិបាលក៏បានកំណត់ចេញនូវគោលការណ៍ស្វែងរកច្រក ទីផ្សារ នាំចេញ ឬ ដៃគូពាណិជ្ជកម្មសក្តានុពលថ្មីៗ ដោយជំរុញការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីបន្ថែមទៀត ដើម្បីពង្រីកទីផ្សារឱ្យមានលក្ខណៈរឹតតែទូលំទូលាយ។ ទី៣៖ ការជំរុញការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ក្នុងឧស្សាហកម្មដែលមានតម្លៃ បន្ថែមខ្ពស់ និង បៃតង ទន្ទឹមនឹងការលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងស្រុក តាមរយៈការពង្រឹងឧស្សាហកម្មប្រតិគមន៍ និង ការលើកកម្ពស់លទ្ធភាពទទួលបានការ ផ្ទេរបច្ចេកវិទ្យា, ស្រាវជ្រាវ និង អភិវឌ្ឍ។ រាជរដ្ឋាភិបាលក៏កំពុងកសាងហេដ្ឋារចនាសម្ព័ន្ធ ដែល ជំរុញកំណើនសេដ្ឋកិច្ច និង ពាណិជ្ជកម្ម។ ជាក់ស្ដែង, រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវ ការនូវកំពង់ផែពហុបំណងកំពត និង បានចាប់ផ្ដើមបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណន តេជោ ដែលនឹងកាត់បន្ថយរយៈពេល, ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន, បង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម, និងអភិវឌ្ឍផែរណបថ្មីៗជាច្រើន។ ទី៤៖ ការអនុវត្តយ៉ាងសកម្មនូវគោលនយោបាយឌីជីថល, ធុរកិច្ចឌីជីថល, និង ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈ ការលើកទឹកចិត្តឱ្យវិស័យធុរកិច្ចបង្កើតថ្នាល បច្ចេកវិទ្យាលក់ទំនិញក្នុងស្រុក និង ឆ្លងកាត់ព្រំដែន។ លើសពីនេះ, រាជរដ្ឋាភិបាលក៏បានខិតខំ ជំរុញយ៉ាងសកម្មនូវការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និង ថ្នាលបច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈ ដើម្បីសម្រួលនីតិវិធី, កាត់បន្ថយពេល, និង ចំណាយពាក់ព័ន្ធផ្សេងៗ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកែលម្អបរិយាកាសធុរកិច្ច និង ការជំរុញសកម្មភាពពាណិជ្ជកម្ម នៅកម្ពុជា សំដៅលើកកម្ពស់គុណភាព, តម្លាភាព, ប្រសិទ្ធភាព, និង ការជឿទុកចិត្តពីសំណាក់ វិនិយោគិន និងធុរជន ជាពិសេស ការបង្ខិតសេវាសាធារណៈទៅជិតអ្នកប្រើប្រាស់ និងទី៥៖ រាជរដ្ឋាភិបាលក៏បាន និងកំពុងរៀបចំយុទ្ធសាស្ត្រ ដើម្បីត្រៀមចាកចេញដោយរលូន ពីចំណាត់ថ្នាក់ប្រទេសមានការអភិវឌ្ឍតិចតួច ដែលមានគោលដៅកាត់បន្ថយ ឬលុបបំបាត់ ផលប៉ះពាល់អវិជ្ជមាន ដែលកើតចេញពីការបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងវិធានការ ជំនួយអន្តរជាតិនានាក៏ដូចជា ការធានាបាននូវចីរភាពនៃការអភិវឌ្ឍ ក្រោយការចាកចេញ នៅឆ្នាំ២០២៩៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com