ក្នុងឱកាសនៃជំនួប លោកប្រធានប្រតិបត្តិបានសម្ដែងនូវការអរគុណចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ និងថ្លែងអំណរគុណសម្ដេចបវរធិបតីដែលបានអញ្ជេីញចូលរួមនៅក្នុងកិច្ចប្រជុំ WEF នៅទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីដើមឆ្នាំ២០២៤ កន្លងទៅ។
ឆ្លៀតក្នុងឱកាសនេះ លោកសាស្ត្រាចារ្យក៏បានគោរពអញ្ជើញសម្ដេចធិបតីចូលរួមក្នុងវេទិកាប្រចាំឆ្នាំនេះម្ដងទៀត ដែលគ្រោងនឹងរៀបចំឡើងនៅដើមឆ្នាំ២០២៥ ខាងមុខនេះ។
លោកសាស្ត្រាចារ្យក៏បានជម្រាបជូនសម្ដេចបវរធិបតី អំពីសក្ដានុពលនៃវេទិកា WEF ដែលជាឱកាសនៅក្នុងការកសាងនូវបណ្ដាញទំនាក់ទំនងរវាងវិស័យសាធារណៈ និងឯកជន។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានជួបលោកសាស្ត្រាចារ្យសាជាថ្មី និង បានអបអរសារទរចំពោះការភាពជោគជ័យនៃវេទិកា WEF នាពេលកន្លងមក។
សម្ដេចបវរធិបតីក៏បានថ្លែងអំណរគុណចំពោះលោកសាស្រ្តាចារ្យ ដែលបានអញ្ជើញសម្ដេចបវរធិបតីផ្ទាល់ ចូលរួមវេទិកា WEF នៅឆ្នាំក្រោយ៕