ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រដ្ឋាភិបាលចិនផ្ដល់ជំនួយឥតសំណងចំនួន ៣០០ លានយ័ន ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
ថ្ងៃទី ៖ 11-10-2024, ដោយ​​ Dara007 , 94 Views
                     
ឡាវៈ នាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ក្នុងឱកាសនៃជំនួប លោកនាយករដ្ឋមន្រ្តី​ លី​ ឈាង​ បានសម្ដែងនូវការកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចបវរធិបតី ដែលរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ និងធានាបាននូវកំណើនសេដ្ឋកិច្ចរឹងមាំជាមួយនឹងកិត្យានុភាពកម្ពុជាកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។ លោកនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ប្រទេសចិន នឹងបន្តគាំទ្រដល់មាគ៌ាអភិវឌ្ឍស្របទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា ហើយរដ្ឋាភិបាលចិននឹងបន្តលើកទឹកចិត្តវិនិយោគិនចិនមកកម្ពុជាបន្ថែមទៀត។ ពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ ភាគីចិនបន្តចូលរួម និងគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយផ្ដល់ជំនួយឥតសំណងបន្ថែមក្នុងទំហំ ៣០០ លានយ័នដើម្បីឱ្យកម្ពុជាអាចសម្រេចបានតាមផែនការរបស់ខ្លួន។

បន្ថែមលើនេះលោកនាយករដ្ឋមន្រ្តី​ បានជម្រាបសម្តេចបវរធិបតីថា ភាគីចិននឹងធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយកម្ពុជា ដើម្បីកសាងផែនការមេសម្រាប់ច្រករបៀងមច្ឆា និងអង្ករ, ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ជាមួយនឹងការប្តេជ្ញាចិត្តជំរុញការនាំចូលផលិតផលកសិកម្មកម្ពុជាបន្ថែមទៀត មកកាន់ទីផ្សារចិន។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី​ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលតែងតែបន្តជួយដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបានថ្លែងអំណរគុណចំពោះការផ្តល់ជំនួយឥតសំណងលើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែប និងការកសាងនូវសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។ ទន្ទឹមនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យថាមពលស្អាត ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់​ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com