ថ្លែងក្នុងពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនានៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា ការចូលរួមអង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ គឺបានចូលរួម១០ ឆ្នាំហើយ និងលើកនេះជាលើកទី១១ អង្គភាពប្រឆាំងអំពើពុករលួយ នៅតែបន្ដគោលការណ៍ច្បាប់ តម្លាភាព យុត្ដិធម៌ និងលទ្ធផលទទួលយកបាន ដែលស្របតាមកម្មវិធីកំណែទម្រង់វិស័យអប់រំរបស់រាជរដ្ឋាភិបាល។
លោកបានបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងបន្ដពង្រឹងយន្ដការច្បាប់ និងដាក់ទណ្ឌកម្ម ដែលមានបទល្មើសចំនួន១៧ ដោយរួមបទព្រហ្មទណ្ឌ និងរដ្ឋបាលផងដែរ។
លោកសង្ឃឹមថា បេក្ខជន និងគ្រប់ភាគីពាក់ព័ន្ធ នឹងគោរពបទបញ្ញត្តិនៃការប្រឡងឱ្យបានល្អ និងមិនត្រូវយកតាមខ្លួននូវឧបករណ៍អេឡិចត្រូនិក និងសំណៅឯកសារផ្សេងៗ ចូលមណ្ឌលប្រឡង ឬបន្ទប់ប្រឡងឡើយ។ លោកបន្ថែមថា ក្នុងឆ្នាំនេះ អង្គភាពប្រឆាំងអំពើពុករលួយបានប្រើប្រាស់មន្រ្ដីចំនួន៣៤៦ នាក់ ដើម្បីដាក់ឱ្យតាមដានត្រួតពិនិត្យនៅក្នុងមណ្ឌប្រឡងនៅទូទាំងរាជធានីខេត្ដ។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤។ដោយឡែកចំពោះដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។សម្រាប់ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។ ក្រសួងបានកំណត់យកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស៕