លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមជូនពរក្មួយៗជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងអស់ នៅថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤ នេះ សូមមានសុខភាពល្អ ការធ្វើដំណើរទៅមក ប្រកបដោយសុខសុវត្ថិភាព និងសូមឱ្យប្រឡងជាប់ ព្រមទាំងបាននិទ្ទេសល្អគ្រប់ៗគ្នា។
ជាមួយគ្នានេះ លោកក៏សូមឱ្យក្មួយៗបេក្ខជនទាំងអស់ គោរពតាមគោលការណ៍ណែនាំនានាពាក់ព័ន្ធនឹងការប្រឡងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាបទបញ្ជាផ្ទៃក្នុង ពិសេសលោកគ្រូ អ្នកគ្រូ ដែលជាអនុរក្ស ទាំងនៅក្នុងនិងក្រៅបន្ទប់ប្រឡង ឱ្យបានត្រឹមត្រូវ ចៀសវាងការប្រព្រឹត្តខុសណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រឡងរបស់ក្មួយៗ។
ជាមួយគ្នានេះដែរ បេក្ខជនទាំងអស់ នៅពេលដែលទទួលបាននូវវិញ្ញាសាប្រឡង សូមកុំប្រញាប់ប្រញាល់ធ្វើចម្លើយ ត្រូវពិនិត្យ និងអានឱ្យបានយល់ច្បាស់ ចៀសវាងការយល់ច្រឡំ បណ្តាលឱ្យថ្លោះធ្លោយខុសចម្លើយ ជាពិសេសត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រប់ក្រដាសវិញ្ញាសា កុំឱ្យរហែក ឬប្រឡាក់ ដោយប្រកបណាមួយ។ ជាមួយគ្នានេះ លោកក៏សូមជូនពរក្មួយៗបេក្ខជនទាំងអស់ ប្រឡងជាប់ និងបាននិទ្ទេសល្អគ្រប់ៗគ្នា៕