យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនោះ ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង បានយាងថ្លែងសុន្ទរកថាបិទកិច្ចប្រជុំ ដែលព្រះអង្គមានព្រះរាជកិត្តិយសទទួលឱ្យប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។
បើតាមក្រសួងការបរទេសកម្ពុជា ក្នុងភាពស្ងៀមស្ងាត់ដ៏អស្ចារ្យ និងក្រោមក្រសែភ្នែកកោតសរសើររបស់អង្គប្រជុំទាំងមូល ព្រះករុណា ព្រះមហាក្សត្រ បានថ្លែងព្រះរាជសុន្ទរកថាដ៏ឱឡារិក ហើយមានព្រះរាជបន្ទូលថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសសមាជិកទាំងអស់ ដែលបានគាំទ្របេក្ខភាពរបស់កម្ពុជា។
ព្រះអង្គក៏មានព្រះរាជបន្ទូលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ដើម្បីរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឱ្យក្លាយជាឱកាសដ៏ ពិសេសមួយសម្រាប់ការចែករំលែក និងការប្រារព្ធពិធីមួយដ៏សប្បាយរីករាយ។
អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ឬហៅកាត់ថាហ្វ្រង់កូហ្វូនី (OIF) ត្រូវបានបង្កើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ ដោយមានស្ថាបនិកដូចជា ព្រះបរមរតនកោដ សម្តេចព្រះ នរោត្តម សីហនុ លោក Léopold Sédar Senghor (ជាអតីតប្រធានាធិបតីសេណេហ្កាល់), លោក Habib Bourguiba (អតីតប្រធានាធិបតីទុយនីស៊ី), លោក Hamani Diori (អតីតប្រធានាធិបតីនីហ្សេ) ជាដើម។
អង្គការហ្វ្រង់កូហ្វូនី មានទីស្នាក់ការកណ្ដាលនៅទីក្រុងប៉ារីស ហើយមានសមាជិក ៨៤ប្រទេស ក្នុងនោះមានសមាជិកពេញសិទ្ធិចំនួន៥៤ និងសមាជិកមិនពេញសិទ្ធិ៤ ព្រមទាំងសមាជិកជារដ្ឋសង្កេតការណ៍ ២៦ប្រទេស។ ប្រទេសកម្ពុជាបានក្លាយជាសមាជិកក្នុងនាមជារដ្ឋសង្កេតការណ៍នៅខែវិច្ឆិកា ឆ្នាំ១៩៩១ នៅឯកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី៤ ក្នុងសង្កាត់ Chaillot នៃទីក្រុងប៉ារីស ហើយបានក្លាយជាសមាជិកពេញសិទ្ធិនៅខែតុលា ឆ្នាំ១៩៩៣ នៅឯកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី៥ នៅភូមិ Grand-Baie នៃប្រទេសម៉ូរីតានី៕