បើតាមលោករដ្ឋលេខាធិការ ក្នុងចំណោមសមាជិកសរុបជាង២,៥ លាននាក់នេះ ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈ ចំនួន ៤៨២,៥៧៧នាក់ បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារ ចំនួន ១,៥៨១,៩៨៨ នាក់, បុគ្គលស្វ័យនិយោជន៍ ចំនួន ៣៦២,៣៥៥នាក់, និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន១១៦,៩៥០នាក់។
លោកបានបញ្ជាក់លម្អិតថា ចំនួនសមាជិកបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ចមានកម្មករនិយោជិត មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន និងតាមរបបភាគទានដោយស្ម័គ្រចិត្ត មានបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. បានកើនឡើង គួរឱ្យកត់សំគាល់ ក្នុងឆ្នាំ២០២៤នេះ ដែលបង្ហាញថា ប្រជាពលរដ្ឋកាន់តែជឿទុកចិត្ត និងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។
លោកបានលើកឡើងថា ចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ក្រុមការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងចុះផ្សព្វផ្សាយតាមរាជធានី ខេត្ត និងចុះយុទ្ធនាការផ្ទាល់តាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនយ៉ាងសកម្មនៅរាជធានី ខេត្តទូទាំងប្រទេស រួមនិងការផ្សព្វផ្សាយតាមបណ្តាញសង្គមផ្លូវការ Facebook, Telegram, YouTube, TikTok និងតាមបណ្តាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គមយ៉ាងផុសផុល។
បន្ថែមពីនេះលោកបានគូសបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ទទួលកុមារចូលជាសមាជិកផងដែរ ក្នុងនោះសម្រាប់កុមារ «អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» ទទួលបានអត្ថប្រយោជន៍ជាច្រើនពេលក្លាយជាសមាជិក ប.ស.ស.។
លើសពីនេះលោកបានពន្យល់ថា កុមារ «អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» ទទួលបានអត្ថប្រយោជន៍ដូចជាការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស ទាំងមន្ទីរពេទ្យសាធារណៈ និងឯកជន ក្នុងនោះដែរប្រសិនបើកុមារជួបគ្រោះថ្នាក់ និងជំងឺជាអកុសលរហូតដល់ស្លាប់បាត់បង់ជីវិតបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងផ្តល់ប្រាក់វិភាជន៍បូជាសពផងដែរ។
ទន្ទឹមនឹងនេះលោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពលើកុមារ គឺជាការគិតគូរដល់សុខមាលភាពរបស់កុមារ ជាពិសេសជួយឱ្យសុខភាពរបស់កុមារល្អប្រសើជាងមុន ដែលអាចជួយទៅដល់ធនធានមនុស្សប្រកបដោយសក្តានុពលភាពនាពេលអនាគត៕